លោក Ayatollah Ali Khamenei មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាន់មរណទុក្ខរយៈពេល៥ថ្ងៃក្រោយការទទួលអនិច្ចកម្ម របស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi)។

លោក Raisi ត្រូវបានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រក្នុងតំបន់ភ្នំ នៅភាគពាយ័ព្យប្រទេសអ៊ីរ៉ង់ ជាមួយនឹងប្រមុខការបរទេសរបស់លោក គឺលោក ហ៊ូសេន អាមើអាប់ដូឡាហ៊ាន (Hossein Amir-Abdollahian)។
សារព័ត៌មានរដ្ឋបានបញ្ជាក់ថា ក្រុមការងារនៅជាមួយលោកប្រធានាធិបតី បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រ ដែលពួកលោកកំពុងធ្វើដំណើរបានធ្លាក់កាលពីថ្ងៃអាទិត្យទី១៩ខែឧសភា។ លោក Raisi វ័យ៦៣ឆ្នាំ រូបនេះ ត្រូវបានចាត់ទុកជាអ្នកស្នងតំណែងដ៏មានឥទ្ធិពល សម្រាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ សារព័ត៌មានរដ្ឋ បាននិយាយថា ការបោះឆ្នោត នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែមិថុនា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី។

ជាមួយគ្នានេះ លោក អនុប្រធាធានាធិបតី មហាម៉ាដ ម៉ូកប៊ើ (Mohammad Mokhber) ត្រូវបានតែងតាំងជាប្រធានាធិបតីបណ្ដោះអាសន្ន។
មានសេចក្ដីរាយការណ៍ដំបូងថា ឧទ្ធម្ភាគចក្រ ដែលដឹកលោកប្រធានាធិបតី និងក្រុមការងាររបស់លោក បានព្យាយាមចុះចតយ៉ាងលំបាកក្នុងពេលមានអ័ព្ទចុះខ្លាំង។

តំបន់ ដែលឧទ្ធម្ភាគចក្របានធ្លាក់ គឺនៅជិតព្រំដែនជាប់ប្រទេសអាហ្សែបៃហ្សង់ ជាទីដែលលោក រ៉េស៊ី បានជួបប្រជុំជាមួយលោកប្រធានាធិបតីអាហ្សែបៃហ្សង់ អ៊ីលហាំ អាលីយ៉េវ(Ilham Aliyev)។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោកប្រធានាធិបយតី បានទៅកាន់ទីនោះដើម្បីចូលរួមពិធីបើក សម្ភោធទំនប់វារីអគ្គិសនី គីស កាឡាស៊ី និងកូដាហ្វារីន។ កាលពីថ្ងៃចន្ទ អឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានបញ្ជាក់ពីការរកឃើញសាកសពលោកប្រធានាធិបតី និង អ្នកផ្សេងទៀត ដែលបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ហើយប្រកាសបញ្ចប់ប្រតិបត្តិការស្វែងរក៕