ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានសម្រេចកាលពីថ្ងៃចន្ទ (២១ ឧសភា) ថា ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ។

កាលបរិច្ឆេទបោះឆ្នោតត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមដោយអនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ ម៉ូកប៊ឺ (Mohammad Mokhber) ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន រួមទាំងប្រមុខនៃសាខាអំណាចផ្សេងៗទៀត និងតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) និងសមាជិកមួយចំនួននៃក្រុមអមដំណើររបស់លោក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក ហ៊ូសេន អាមឺ អាប់ឌូលឡាហៀន (Hossein Amir-Abdollahian) ត្រូវបានគេអះអាងថាបានស្លាប់កាលពីព្រឹកថ្ងៃចន្ទ ខណៈបំណែកនៃឧទ្ធម្ភាគចក្រដែលដឹកពួកគេត្រូវបានរកឃើញ បន្ទាប់ពីការធ្លាក់ក្នុងអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ នៅជិតតំបន់ វ៉ាហ៊្សាកាន (Varzaqan) ចម្ងាយប្រហែល ៦៧០ គីឡូម៉ែត្រ ពីទីក្រុងតេអេរ៉ង់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកចូលរួមក៏បានកំណត់កាលវិភាគសម្រាប់ដំណើរការបោះឆ្នោត រួមទាំងការបង្កើតគណៈប្រតិភូប្រតិបត្តិ ការចុះឈ្មោះបេក្ខជន និងការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន IRNA ។
របាយការណ៍បាននិយាយថា ដោយផ្អែកលើកាលវិភាគ ការចុះឈ្មោះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា បន្ទាប់មកបេក្ខជនត្រូវធ្វើយុទ្ធនាការបោះឆ្នោតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែមិថុនា ហើយក្រុមប្រឹក្សាធម្មនុញ្ញបានយល់ព្រមជាបឋមចំពោះកាលវិភាគនោះ៕