មនុស្សរាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភាប្រទេសក្រិក កាលពីថ្ងៃចន្ទដើម្បីតវ៉ា នៅមុនការជម្រះក្តីបុរសជនជាតិអេហ្ស៊ីប៩នាក់ ដែលប្រឈមមុខទៅនឹងបទចោទប្រកាន់ពីបទរត់ពន្ធ ពាក់ព័ន្ធនឹងការលិចនាវាជនអន្តោប្រវេសន៍កាលពីឆ្នាំមុន។

នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ទូកនេសាទឈ្មោះ Adriana មួយគ្រឿងមានផ្ទុកជនអន្តោប្រវេសន៍ពី ៥០០ ទៅ៧០០នាក់ មកពីប្រទេសប៉ាគីស្ថាន ស៊ីរី និងអេហ្ស៊ីប បានលិចនៅជិតទីក្រុង Pylos ភាគខាងត្បូង នៅក្នុងដែនទឹកអន្តរជាតិ ក្នុងផ្លូវធ្វើដំណើរពីប្រទេសលីប៊ី ទៅកាន់ប្រទេសអ៊ីតាលី។ មនុស្ស១០៤នាក់ បានរួចជីវិត ហើយមានតែសាកសព៨២នាក់ ប៉ុណ្ណោះ ត្រូវបានគេរកឃើញ។

ការតវ៉ានេះ ធ្វើឡើងដើម្បីគាំទ្រដល់អ្នកនៅរស់រានមានជីវិតជនជាតិអេហ្ស៊ីប៩នាក់ ដែលជិះនៅលើទូកជនអន្តោប្រវេសន៍ និងជាអ្នកដែលត្រូវបានចោទប្រកាន់ពីបទបង្កឧបទ្ទវហេតុ ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម និងការរត់ពន្ធជនអន្តោប្រវេសន៍។ ពួកគេ បានបដិសេធថាពុំមានកំហុសអ្វីទាំងអស់។
ពេលវេលានៃការលិចទូក Adriana ក្នុងខែមិថុនាឆ្នាំមុន នៅតែជាប្រភពនៃជម្លោះរវាងអាជ្ញាធរប្រទេសក្រិក និងក្រុមគាំទ្រសិទ្ធិអ្នកនៅរស់រានមានជីវិត និងជនអន្តោប្រវេសន៍ មានន័យថាការជម្រះក្តី អាចជាឱកាសដំបូងដើម្បីស្តាប់ជាផ្លូវការនូវសាច់រឿងរបស់អ្នកដែលមានវត្តមាននៅពេលលិចទូកនោះ។
អ្នកនៅរស់រានមានជីវិត បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរប្រទេសក្រិកថាបានពន្លិចទូក។ អាជ្ញាធរ ដែលបានឃ្លាំមើល ទូក Adriana ជាច្រើនម៉ោង បាននិយាយថា ទូកបានក្រឡាប់នៅពេលដែលនាវាឆ្មាំល្បាតឆ្នេរ ស្ថិតនៅក្នុងចម្ងាយប្រហែល៧០ម៉ែត្រ។ អង្គភាពសេវាឆ្មាំល្បាតឆ្នេរ បានបដិសេធថាពុំមានកំហុសអ្វីនោះទេ។