នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កាលពីថ្ងៃចន្ទ (២០ ឧសភា) ដើម្បីស្វះស្វែងរកដីកាចាប់ខ្លួនប្រឆាំងនឹងលោក និងរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺជារឿងមិនសមហេតុផលទាល់តែសោះ ហើយទង្វើនេះគឺជាការដាក់គោលដៅទៅលើអ៊ីស្រាអែល។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖ «ខ្ញុំបដិសេធដោយស្អប់ខ្ពើមចំពោះការប្រៀបធៀបរបស់រដ្ឋអាជ្ញាក្នុងទីក្រុងឡាអេ រវាងអ៊ីស្រាអែលប្រជាធិបតេយ្យ និងអ្នកសម្លាប់នៃក្រុមហាម៉ាស។ តើអ្នកហ៊ានយកអ្វីមកប្រៀបធៀបរវាងក្រុមហាម៉ាស ដែលបានកាប់សម្លាប់ រំលោភ និងចាប់ពង្រត់បងប្អូនប្រុសស្រីរបស់យើងជាមួយទាហានការពារអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធទប់ទល់នឹងសង្រ្គាមពីក្រុមសកម្មប្រយុទ្ធ»។

រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បាននិយាយកាលពីថ្ងៃចន្ទថា លោកបានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រមុខការពារជាតិរបស់លោក និងមេដឹកនាំក្រុមហាម៉ាស ៣ នាក់ ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់។ លោក ណេតាន់យ៉ាហ៊ូ បានចាត់ទុកចំណាត់ការរបស់រដ្ឋអាជ្ញា ICC នេះជាប្រភេទថ្មីនៃការប្រឆាំងនឹងជនជាតិជ្វីហ្វ។

គណៈកម្មាការនៃចៅក្រមមុនការកាត់ក្តី នឹងកំណត់ថាតើភស្តុតាងគាំទ្រដីកាចាប់ខ្លួនដែរឬយ៉ាងណា ប៉ុន្តែតុលាការពុំមានសិទ្ធិអំណាចក្នុងការអនុវត្តដីកាបែបនេះទេ ហើយការស៊ើបអង្កេតរបស់ខ្លួនក្នុងសង្គ្រាមតំបន់ហ្កាហ្សា នេះត្រូវបានអាមេរិក និងអ៊ីស្រាអែលជំទាស់៕