យោងតាមអ្នកប្រាជ្ញ និងអ្នកអត្ថាធិប្បាយ ឱ្យដឹងថា លោកឡៃ ឆឹង-ទ័រ (Lai Ching-te) បានបញ្ជូនសញ្ញាដ៏គ្រោះថ្នាក់នៃការស្វែងរកឯករាជ្យភាពកោះតៃវ៉ាន់ និងញុះញង់ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពឆ្លងកាត់ច្រកសមុទ្រ នៅក្នុងសុន្ទរកថាដំបូងរបស់លោកនៅពេលទទួលតួនាទីជាមេដឹកនាំថ្មី របស់តំបន់តៃវ៉ាន់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ។

មនុស្សជាច្រើននៅក្នុងតំបន់តៃវ៉ាន់ របស់ប្រទេសចិន បានចង្អុលបង្ហាញថា ស្របពេលសុន្ទរកថារបស់លោក ឡៃ ឆឹង-ទ័រ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីសារៈសំខាន់នៃសន្តិភាពសម្រាប់តៃវ៉ាន់ ពួកគេពុំបានគិតដល់ទេថា តើអ្វីដែលពួកគេកំពុងគិតនោះអាចកើតឡើងបានយ៉ាងណា និងសម្រចបានដោយរបៀបណា។

លោក យូ ស៊ីស៊ាំង (You Zixiang) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ស៊ិនស៊ីន (Shih Hsin)ក្នុងកោះតៃវ៉ាន់ បាននិយាយថា លោក ឡៃ មិនស្តាប់មតិសាធារណៈទេ ថែមទាំងបានបង្ហាញភាពក្រអឺតក្រទម។លោកមានបំណងចង់បន្តតាមទ្រឹស្ដី រដ្ឋពីរ ហើយនឹងព្យាយាមសុំការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់ការទាមទារឯករាជ្យតៃវ៉ាន់។ លោកមិនអើពើនឹងបំណងប្រាថ្នារបស់តៃវ៉ាន់សម្រាប់ការបន្ធូរបន្ថយស្ថានភាពតានតឹងឡើយ នៅក្នុងទំនាក់ទំនងឆ្លងច្រកសមុទ្រ ដែលនឹងបង្កើតកត្តាថ្មីដែលអាចនាំឱ្យមានភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។
ចំណែកលោកវ៉ាង បីងចុង (Wang Bingzhong)អ្នកអត្ថាធិប្បាយប្រចាំតំបន់តៃវ៉ាន់ បាននិយាយថា បន្ទាប់ពីស្តាប់សុន្ទរកថារបស់លោកទាំងស្រុង ខ្ញុំមានអារម្មណ៍ថា លោកមិនត្រឹមតែមិនបានបង្ហាញពីចេតនាពិតប្រាកដណាមួយសម្រាប់ការរួមរស់ដោយសន្តិភាព និងវិបុលភាពរួមប៉ុណ្ណោះទេ ថែមទាំងបានប្រើគំនិតនៃការរួមរស់ដោយសន្តិភាព និងវិបុលភាពរួម ជាការបិទបាំង និងក្លែងបន្លំសម្រាប់ការបង្កើតការបែកបាក់ដោយសន្តិភាព។

រីឯ លោកស៊ី ស៊ូគីន (Shi Xueqin) ជានិស្សិតនៅសាកលវិទ្យាល័យ ជីណាន (Chi Nan) ក្នុងកោះតៃវ៉ាន់បាននិយាយថា ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់។ ការរៀបចំបុគ្គលិករបស់លោកឡៃ បានបង្ហាញពីមនោគមវិជ្ជាដ៏ខ្លាំងរបស់លោក ហើយទំនងជាលោកនឹងបន្តដាក់ភាពតានតឹងលើទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រទៀតផង៕