បាល់ទាត់៖ បន្ទាប់ពីការមកដល់របស់ខ្សែបម្រើស្លាប Leon Bailey ពី Bayer Leverkusen ម្សិលមិញ Aston Villa ក៏បានប្រកាសពីការសំរេចក្នុងការនាំយកខ្សែប្រយុទ្ធអង់គ្លេស Danny Ings ពី Southampton ក្នុងតម្លៃ ២៥លានផោន។

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានក្លាយជាកីឡាករទី៤ ដែលមកកាន់ Aston Villa ត្រៀមរដូវកាលថ្មីខាងមុខនេះ។ កន្លងមក Danny Ings ធ្លាប់បានបដិសេធសំណើកិច្ចសន្យាថ្មីជាមួយ Southampton ស្របពេលកិច្ចសន្យាចាស់នៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ។ Danny Ings បានបដិសេធសំណើដ៏ធំមួយពី Southampton ដែលហ៊ានឱ្យកិច្ចសន្យាកីឡាករវ័យ ២៨ឆ្នាំរូបនេះ ៤ឆ្នាំបន្ថែម និងផ្តល់ប្រាក់ឈ្នួលថ្លៃបំផុតមិនធ្លាប់មាននៅក្នុងក្លិបផងដែរ។ អតីតកីឡាករ Burnley រូបនេះធ្លាប់លេងឱ្យ Liverpool ផងដែរ តែសោកស្តាយនៅពេលនោះគេមិនអាចបញ្ចេញសមត្ថភាពឱ្យអស់បាន ដោយសាររបួសជង្គង់ធ្ងន់ពីរលើក។ តែតាំងពីមកដល់ Southampton កាលពីឆ្នាំ២០១៩ មកដល់ពេលនេះ Danny Ings ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ក្នុងការបង្ហាញខ្លួន ៦៧លើកដែលក្នុងនោះមានគ្រាប់បាល់នៅ English Premier League ៥០គ្រាប់។
ទំរង់លេងអស្ចារ្យរបស់ Danny Ings រដូវកាលមុនក៏បានធ្វើឱ្យលោក Gareth Southgate កោះហៅចូលក្រុមជំរើសជាតិអង់គ្លេសផងដែរ ក្នុងការប្រកួតអន្តរជាតិកាលពីខែកញ្ញា និងតុលាឆ្នាំមុន តែសោកស្តាយដែលមិនមានឈ្មោះនៅ Euro ២០២០ នេះដោយសាររបួសមិនទាន់ជា ១០០% បូករួមទាំងតេស្តវិជ្ជមាន Covid-19 មុនចប់រដូវកាល English Premier League។ Manchester City ជាក្លិបធំមួយដែលមានទំនាក់ទំនងចង់បានកីឡាករវ័យ ២៨ឆ្នាំរូបនេះ ខណៈកន្លងមក Manchester United និង Tottenham Hotspur ក៏ធ្លាប់ទាក់ទងផងដែរ៕
អត្ថបទ៖នាង សុភាវុធ