ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅថ្ងៃអង្គារ (២១ ឧសភា) នេះថា ជំនួយមនុស្សធម៌ជាង ៥៦៩ តោន ត្រូវបានបញ្ជូនមកទល់ពេលនេះឆ្លងកាត់កំពង់ផែបណ្តែតទឹកបណ្តោះអាសន្នទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែមិនមែនជំនួយទាំងអស់បានទៅដល់ឃ្លាំងនោះទេ។

ការដឹកជញ្ជូនជំនួយបានចាប់ផ្តើមមកដល់កំពង់ផែដែលសាងសង់ដោយសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈអ៊ីស្រាអែល ស្ថិតនៅក្រោមសម្ពាធពិភពលោកដែលកំពុងកើនឡើងដើម្បីអនុញ្ញាតឱ្យមានការផ្គត់ផ្គង់បន្ថែមទៀតចូលទៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធនេះ។

អង្គការសហប្រជាជាតិបាននិយាយថា ជំនួយស្បៀងអាហារចំនួន ១០ កុងតឺន័រ ដែលត្រូវបានដឹកចេញពីកំពង់ផែដោយអ្នកម៉ៅការរបស់អង្គការសហប្រជាជាតិ ត្រូវបានទទួលកាលពីថ្ងៃសុក្រ នៅឯឃ្លាំងកម្មវិធីស្បៀងអាហារពិភពលោកនៅក្រុង ឌើ អ៊ែលបាឡា (Deir El Balah) ក្នុងតំបន់ហ្កាហ្សា។
ប៉ុន្តែកាលពីថ្ងៃសៅរ៍ មានតែរថយន្តដឹកទំនិញចំនួនប្រាំគ្រឿងប៉ុណ្ណោះ ដែលបានដឹកជំនួយនោះទៅកាន់ឃ្លាំង បន្ទាប់ពីជំនួយ ១១ កុងតឺនឺផ្សេងទៀតត្រូវបានស្ទាក់យកដោយជនជាតិប៉ាឡេស្ទីនក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់តំបន់ ដែលពិបាកក្នុងការទទួលបានជំនួយមនុស្សធម៌។
ជំនួយដែលត្រូវបានបញ្ជូននៅកំពង់ផែនេះមកតាមច្រករបៀងសមុទ្រពីប្រទេសស៊ីប ជាទីដែលវាត្រូវបានត្រួតពិនិត្យដំបូងដោយអ៊ីស្រាអែល។ មន្ត្រីអាមេរិកបាននិយាយថា ផែនេះដំបូងនឹងបញ្ជូនរថយន្តដឹកទំនិញចំនួន ៩០ គ្រឿងក្នុងមួយថ្ងៃ ប៉ុន្តែចំនួននោះអាចឡើងដល់ ១៥០ រថយន្ត។ អង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់ត្រូវការរថយន្តដឹកជំនួយចំនួន ៥០០ គ្រឿងក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់តំបន់ហ្កាហ្សា៕