រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានប្តេជ្ញា កាលពីថ្ងៃចន្ទ ទី២០ ខែឧសភា ក្នុងការបន្តបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈទីក្រុង គីវប្រឈមមុខទៅនឹងពេលវេលាដ៏លំបាកបំផុតរបស់ខ្លួនទប់ទល់ការវាយលុកជាថ្មីរបស់រុស្ស៊ី។ លោក Austin និងមេដឹកនាំការពារជាតិចំនួន ៥០ រូប មកពីអឺរ៉ុប និងមកពីជុំវិញពិភពលោក បានជួបប្រជុំគ្នា កាលពីថ្ងៃច័ន្ទ ដើម្បីសម្របសម្រួលជំនួយយោធាបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ខណៈទីក្រុង គីវ ព្យាយាមបញ្ឈប់ការវាយលុករបស់រុស្ស៊ីនៅភាគឦសាន។

លោក Austin និយាយថា យើងកំពុងជួបប្រជុំគ្នា ក្នុងពេលមួយនៃបញ្ហាប្រឈម ដោយបាននិយាយថា ការវាយលុកថ្មីរបស់រុស្ស៊ីលើទីក្រុង Kharkiv បានបង្ហាញអំពីមូលហេតុនៃការប្តេជ្ញាចិត្ត នៅតែបន្តធ្វើឡើងដោយបណ្តាប្រទេសនានា ដែលមានសារៈសំខាន់ក្នុងការបន្តទៅមុខ។ សហរដ្ឋអាមេរិកបានប្រកាសថា ពុំមានកញ្ចប់ជំនួយថ្មីទេកាលពីថ្ងៃចន្ទ ទោះបីជាកងកម្លាំងអ៊ុយក្រែន បន្តត្អូញត្អែរថា សព្វាវុធកំពុងចូលមកតិចតួចក្នុងប្រទេសនេះ បន្ទាប់ពីបានជាប់គាំងជាច្រើនខែនៅសភាជុំវិញការផ្តល់មូលនិធិ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិនថា ការវាយលុករបស់ទីក្រុងមូស្គូ នៅតំបន់ខាគីវភាគឦសានរបស់អ៊ុយក្រែន មានគោលបំណងបង្កើតតំបន់ទ្រនាប់តែប៉ុណ្ណោះ ប៉ុន្តែពុំមានផែនការដណ្តើមយកទីក្រុងនេះទេ។
កងទ័ពអ៊ុយក្រែន បាននិងកំពុងវាយប្រយុទ្ធដើម្បីបញ្ឈប់ការរុលចូលទៅមុខរបស់រុស្ស៊ី នៅក្នុងតំបន់ Kharkiv ខណៈអ៊ុយក្រែនបានបង្កើនការវាយលុករបស់ពួកគេនៅតំបន់គ្រីម៉េ រួមទាំងនៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធយោធានៅលើឆ្នេរសមុទ្រខ្មៅ និងនៅក្នុងទីក្រុង Sevastopol កាន់កាប់ដោយរុស្ស៊ី។
ក្នុងរយៈពេលបីសប្តាហ៍ ចាប់តាំងពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើកញ្ចប់ជំនួយបរទេសចំនួន៩៥ពាន់លានដុល្លារ សហរដ្ឋអាមេរិកបានបញ្ជូនសព្វាវុធក្នុងតម្លៃចំនួន១,៤ ពាន់លានដុល្លារអាមេរិក ដែលដកចេញពីឃ្លាំងស្តុកមន្ទីរបញ្ចកោណ ហើយបានប្រកាសថា ខ្លួនកំពុងផ្តល់មូលនិធិចំនួន៦ពាន់លានដុល្លារ តាមរយៈគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន។