នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱលោកស្រី ម៉ារី អេឡែន លូអាហ្សង់ (Marie-Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) បានបើកការិយាល័យរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ១៩៩៣ ដើម្បីធ្វើអន្តរាគមន៍នៅប្រទេសកម្ពុជា។ ដើមឡើយទីភ្នាក់ងារ AFD បានផ្តោតសកម្មភាពរបស់ខ្លួនតែលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងសុខាភិបាលប៉ុណ្ណោះ។ ប៉ុន្ដែចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរាគមន៍របស់ AFD នៅកម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បានសហការ ជាមួយអាជ្ញាធរកម្ពុជាដើម្បីទ្រទ្រង់ដល់ផ្នែកផលិតកម្មតាមរយៈការផ្តល់ប្រាក់កម្ចីគ្មានការធានាពីរដ្ឋមានន័យថា ប្រាក់កម្ចីដែលផ្តល់ដោយផ្ទាល់ដល់សហគ្រាស ឬធនាគារឯកជន ឬសាធារណៈដោយមិនមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។
ជាងនេះទៅទៀត ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រទេសកម្ពុជា អាចទទួលបានកម្ចីសម្បទានពី AFD បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះលទ្ធភាពក្នុងការសងបំណុលរបស់ប្រទេសនេះ។
បច្ចុប្បន្នវិស័យអាទិភាពនៃអន្តរាគមន៍ទាំងបួនរបស់ AFD រួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម, ហេរដ្ឋារចនាសម្ព័ន្ធ, ការទ្រទ្រង់វិស័យផលិតកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និង កសិកម្ម ប្រសិនបើអាច)។ ចាប់តាំងពីឆ្នាំ១៩៩៣ មក ក្រុម AFD បានទ្រទ្រង់គម្រោងជាច្រើននៅប្រទេសកម្ពុជាដោយផ្តល់ទឹកប្រាក់ជាង ២៧០ លានអឺរ៉ូ៕



