ភ្នំពេញ៖ តួលេខអ្នកឆ្លងមេរោគកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងលើស ៨ម៉ឺនករណីហើយគិតត្រឹមថ្ងៃនេះ បន្ទាប់ពីក្រសួងសុខាភិបាលបានចេញតួលេខថ្មីប្រចាំថ្ងៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្សចំនួន ៥៩១នាក់បន្ថែមទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះមនុស្ស ៤០៨នាក់ ត្រូវបានរកឃើញឆ្លងមេរោគផ្លូវដង្ហើមនេះដោយពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយមនុស្ស ១៨៣នាក់ ត្រូវបានរកឃើញឆ្លងមេរោគផ្លូវដង្ហើមនេះ បន្ទាប់ពីពួកគេវិលត្រឡប់មកពីក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងសរុប បានកើនឡើងដល់ចំនួន ៨០,២២៥នាក់ហើយគិតត្រឹមថ្ងៃនេះ ក្នុងនោះករណីឆ្លងចំនួន ១១,៥៣៥ករណី ត្រូវបានរកឃើញលើអ្នកដំណើរមកពីក្រៅប្រទេស។
ចំណែកឯចំនួនមនុស្សស្លាប់វិញ ក្រសួងសុខាភិបាលបញ្ជាក់ថា បានកើនឡើងដល់ ១,៥០៧នាក់ហើយ បន្ទាប់ពីមនុស្ស ១៩នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នេះ។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩ចំនួន ៧៣,៤២១នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺនេះឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយចំនួន ៦១៨នាក់ ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕
