លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានតែងតាំងអតីតអនុរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Oleg Savelyev ជាអនុរដ្ឋមន្ត្រីការពារជាតិ នេះបើយោងតាមក្រឹត្យដែលបានចេញផ្សាយ ជាការបង្ហាញបន្ថែមទៀតនៃចេតនារបស់លោក ក្នុងការបង្កើនប្រសិទ្ធភាពនៃសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី។

លោក ពូទីន បានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ដោយដករដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ហើយជំនួសគាត់ដោយលោក Andrei Belousov ដែលជាសេដ្ឋវិទូ និងជាអតីតឧបនាយករដ្ឋ មន្ត្រី។ ការសម្រេចនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា មានគោលបំណង ដើម្បីទទួលបានតម្លៃកាន់តែច្រើនពីការចំណាយលើវិស័យការពារជាតិ និងការសម្អាតក្រសួងការពារជាតិ ដែលរងការវាយប្រហារដោយរឿងអាស្រូវសំណូកដ៏ធំមួយ។
លោក Savelyev បានធ្វើការនៅក្រសួងសេដ្ឋកិច្ចពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៤ ហើយបានបម្រើការ រយៈពេលខ្លីជាអនុប្រធានរបស់លោក Belousov ដែលបានដឹកនាំក្រសួង នៅពេលនោះ។

បន្ទាប់ពីការដាក់បញ្ចូលឧបទ្វីបគ្រីម៉េជាឧបសម្ព័ន្ធរបស់រុស្ស៊ី លោក Savelyev បានធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនៅគ្រីម៉េ ក្នុងឆ្នាំ ២០១៤-២០១៥។ អស់រយៈពេល ៥ឆ្នាំមកនេះ លោក គឺជាសវនករសម្រាប់សភាគណនេយ្យរុស្ស៊ី ដោយគ្រប់គ្រងលើការចំណាយលើវិស័យការពារជាតិ និងសន្តិសុខ។