អាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ប្រទេសហៃទី បានបើកដំណើរការឡើងវិញ កាលពីថ្ងៃចន្ទ ជាលើកដំបូងក្នុងរយៈពេលជិតបីខែ បន្ទាប់ពីអំពើហិង្សារបស់ក្រុមជនអន្ធពាល បានបង្ខំឲ្យអាជ្ញាធរបិទវានោះ។

ការបើកដំណើរការឡើងវិញនូវអាកាសយានដ្ឋាន Toussaint-Louverture ក្នុងរដ្ឋធានីព័រអូប្រាំង ( Port-au-Prince) ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការខ្វះខាតថ្នាំពេទ្យ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងៗទៀត។ កំពង់ផែសមុទ្រសំខាន់របស់ប្រទេសនេះ នៅមិនទាន់ដំណើរការនៅឡើយ។ ក្រុមជនអន្ធពាល គ្រប់គ្រង ៨០ភាគរយនៃរដ្ឋធានីនេះ។

ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មិនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមប្រើប្រាស់ព្រលានយន្តហោះនេះ រហូតដល់ចុងខែឧសភា ឬដើមខែមិថុនានោះទេ។
ជើងហោះហើរអ្នកដំណើរពាណិជ្ជកម្មលើកដំបូង ចាប់តាំងពីខែមីនា បានចាកចេញទៅទីក្រុងម៉ៃអាមីជិតពីរម៉ោងក្រោយកាលវិភាគ ដោយអ្នកដំណើរក្តៅហូរញើស ត្អូញត្អែរអំពីកង្វះម៉ាស៊ីនត្រជាក់ រហូតដល់យន្តហោះ ហោះចេញពីព្រលាន។ ទោះបីជាការហោះហើរនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Sunrise Airways ក៏ដោយ ក៏ក្រុមហ៊ុននេះ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅរដ្ឋហ្វ្លរីដា World Atlantic ដែលបានចែកន្សែងក្រដាសដល់អ្នកដំណើរដែលក្តៅហូរញើសសម្រាប់ប្រើប្រាស់។