អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា លោក ត វេនណេសលេន(Tor Wennesland) កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបន្តការចរចាឡើងវិញ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Wennesland បាននិយាយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា លោកជំរុញឱ្យភាគីនានា បង្កើនទ្វេដងកិច្ចខិតខំប្រឹងប្រែង ហើយត្រឡប់ទៅរកតុចរចាជាបន្ទាន់ និងដោយភាពស្មោះត្រង់។ ប្រសិនបើការចរចាមិនដំណើរការឡើងវិញនោះទេ លោកព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ជនស៊ីវិល ដែលលាក់ខ្លួននិងភ័យខ្លាច នៅក្នុងទីក្រុង Rafah និងសម្រាប់ចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនក្នុងស្ថានភាពដែលមិនអាចនឹកស្មានដល់ក្នុងរយៈពេលជាង២២០ថ្ងៃកន្លងទៅនេះ និងសម្រាប់ប្រតិបត្តិការមនុស្សធម៌ ដែលនៅតែស្ថិតក្នុងមាត់ជ្រោះទុរម្ភិក្ស ក្នុងតំបន់ហ្កាហ្សា។ រយៈពេលពីរសប្តាហ៍មុន ការចរចាបានប្រព្រឹត្តទៅនៅទីក្រុងគែរ ដោយមានការគាំទ្រពីប្រទេសអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក។

លោកបាននិយាយថា ទោះជាយ៉ាងណា ការចរចាទាំងនោះ បានបញ្ចប់កាលពីថ្ងៃទី ៩ ខែឧសភា ដោយគ្មានការព្រមព្រៀងណាមួយឡើយ។
វាគួរឱ្យសោកស្ដាយ ដែលយើងប្រឈមមុខទៅនឹងមហន្តរាយមួយទៀតនៅតំបន់ហ្កាហ្សា ក្នុងពេលមានការជាប់គាំងកិច្ចចរចារវាងភាគីនានា ដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរទាំងអស់នៅហ្កាហ្សា និងបទឈប់បាញ់ដើម្បីផ្តល់ជំនួយសង្គ្រោះដែលត្រូវការច្រើន ដល់ប្រជាជនស៊ីវិល។
លោក Wennesland បាននិយាយឡើងវិញ នូវការគាំទ្រពេញទំហឹងរបស់អង្គការសហប្រជាជាតិចំពោះអ្នកសម្របសម្រួល និងឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រការអនុវត្តកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

លោកនិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រួមជាមួយនឹងដៃគូអន្តរជាតិជាច្រើន និងប្រទេសជិតខាងដែលពាក់ព័ន្ធ បានសម្តែងការជំទាស់យ៉ាងខ្លាំង ចំពោះប្រតិបត្តិការយោធានៅទីក្រុង Rafah ក្នុងពេលមានការបង្ហាញយ៉ាងច្បាស់អំពីផលវិបាកដ៏មហន្តរាយ សម្រាប់ប្រជាជនស៊ីវិល។ លោកបានសម្តែងការព្រួយបារម្ភថា ការបរាជ័យក្នុងការឈានដល់បទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា និងប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅទីក្រុង Rafah ធ្វើឱ្យមានហានិភ័យនៃការកើនឡើងភាពតានតឹងនៅក្នុងតំបន់។