ប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ បាននិយាយថា ខ្លួនបានទទួលការអនុញ្ញាតដើម្បីបញ្ជូនយន្តហោះទៅកាន់ដែនដី នូវ៉ែល កាលេដូនី (New Caledonia) ក្នុងការទទួលយកអ្នកដំណើរដែលជាប់ខ្លួន ក្នុងភាពវឹកវរ បន្ទាប់ពីភាពចលាចលបង្ខំឲ្យបិទអាកាសយានដ្ឋានអន្តរជាតិ។

អូស្ត្រាលីកំពុងបញ្ជូនយន្តហោះពីរគ្រឿងនៅថ្ងៃអង្គារនេះ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនមួយចំនួនក្នុងចំណោមមនុស្ស ៣០០នាក់ ដែលបានចុះឈ្មោះសុំជំនួយនៅក្នុងដែនដីនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសបារាំង។
រដ្ឋាភិបាលនៅទីក្រុងវេលីងតោន (Wellington) បាននិយាយថា ជើងហោះហើរទីមួយ ដែលត្រូវបានស្នើឡើង ក៏នឹងចាកចេញពីប្រទេសនូវែលសេឡង់ ហើយនឹងដឹកជញ្ជូនមនុស្សប្រហែល ៥០ នាក់ត្រឡប់ទៅផ្ទះវិញផងដែរ។

ភាពចលាចលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីសមាជិកសភានៅទីក្រុងប៉ារីស បានបោះឆ្នោតតាមរយៈការផ្លាស់ប្តូរដែលនឹងអនុញ្ញាតឱ្យប្រជាជនបារាំងកាន់តែច្រើនទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតក្នុងស្រុក ជាទង្វើមួយ ដែលក្រុមមេដឹកនាំជនជាតិដើមភាគតិច បាននិយាយថានឹងធ្វើឱ្យឥទ្ធិពលនយោបាយរបស់ជនជាតិដើមធ្លាក់ចុះ។
ជនស៊ីវិល៤នាក់ រួមទាំងអ្នកស្រុកជនជាតិដើមភាគតិច កាណាក (Kanak) យ៉ាងហោចណាស់ បីនាក់ ត្រូវបានសម្លាប់នៅក្នុងកុបកម្មនេះ រួមទាំងមន្ត្រីនគរបាល។
មនុស្សរាប់សិបនាក់បានរងរបួស ហើយរហូតមកដល់ពេលនេះមនុស្សជាង ២០០ នាក់ត្រូវបានចាប់ខ្លួន។
ទាំងប្រទេសអូស្ត្រាលី ទាំងនូវែលសេឡង់ បាននិយាយថា ពួកគេនឹងផ្តល់អាទិភាពលើការហោះហើរសម្រាប់អ្នកដែលមានតម្រូវការបន្ទាន់បំផុត ដោយបញ្ជីអ្នកដំណើរត្រូវបានរៀបចំឡើងដោយបុគ្គលិកស្ថានកុងស៊ុល។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី ផេននីវង្ស (Penny Wong) បាននិយាយថា ភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ក៏នឹងត្រូវបានជួយផងដែរ។
គេបានមើលឃើញភ្លើងឆេះ និងអំពើចោរកម្ម ខណៈអ្នកទៅលេងកម្សាន្ត ដែលបានជាប់គាំងជាងមួយសប្តាហ៍ នៅក្នុងដែនដីនេះ ត្រូវបានគេរាយការណ៍ពីកង្វះអាហារ៕