បន្ទាយមានជ័យ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយពិធីនេះមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិលារ យោធភូមិភាគទី៥ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត តំណាងប្រតិបត្តិការសឹករងខេត្ត និងតំណាងកងពលតូចថ្មើរជើងលេខ៥១។

ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានធ្វើការកំណែទម្រង់ និងការធ្វើទំនើបកម្មកងទ័ព ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់អំពីការពង្រឹងទៅលើសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីបន្តធានាបអំពីនិរន្តរភាពសុខសន្តិភាព និងស្ថេរភាពដែលមានក្នុងពេលបច្ចុប្បន្ន។

ឯកឧត្តម មានប្រសាសន៍ទៀតថា ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹងផ្តល់នូវការយល់ដឹងដល់សិក្ខាកាម នេះគឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាការពង្រឹងនូវកាយសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន ) ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនូវគ្រប់សភាពការណ៍ ជាពិសេសក្នុងការងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗទៀតផង។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ៕












