បណ្តាវត្តមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែឧសភានេះ កំពុងមមាញឹករៀបចំតុបតែងលម្អ ត្រៀមប្រារព្ធពិធីបុណ្យវិសាខបូជាដែលនឹងចូលមកដល់នៅថ្ងៃស្អែក។ ជាក់ស្តែងដូចជា វត្តមុនីសុវណ្ណ និងវត្តនិគ្រោធវ័នគល់ទទឹងជាដើម។
បើតាមសង្ឃដីកាព្រះតេជគុណ យ៉ាំ ស៊ូគិ សមាជិកគណៈកម្មការកណ្តាលរៀបចំពិធីបុណ្យមហាវិសាខបូជា និងខួប២០ឆ្នាំ ព្រះត្រៃរតនចេតិយ ស្ថិតនៅវត្តនិគ្រោធវ័នគល់ទទឹង រាជធានីភ្នំពេញ បានប្រាប់BTVឱ្យដឹងថា នៅឆ្នាំនេះ វត្តនិគ្រោធវ័នគល់ទទឹងបានរៀបចំពិធីបុណ្យមហាវិសាខបូជា ឬហៅថាវិសាខបូជា អធិកអធមជាងឆ្នាំមុន ដោយគិតព្រឹកថ្ងៃទី២១ខែឧសភានេះ ការរៀបចំសម្រេចបានលើសពី៥០ភាគរយ ហើយការរៀបចំនេះនឹងរួចរាល់នៅល្ងាចនេះ ដើម្បីត្រៀមទទួលពុទ្ធបរិស័ទអញ្ជើញមកចូលរួមក្នុងពិធីបុណ្យវិសាខបូជា និងខួប២០ឆ្នាំព្រះត្រៃរតនចេតិយ ដែលវត្តគល់ទទឹងប្រារព្ធធ្វើឡើងជាមួយគ្នានៅក្នុងឆ្នាំនេះ។ ព្រះតេជគុណមានសង្ឃដីកាបន្តថា ការប្រារព្ធពិធីបុណ្យវិសាខបូជានៅថ្ងៃស្អែក នឹងមានកម្មវិធីសាសនាជាច្រើនរួមមានដូចជា៖ នមស្ការសមាទានសីល រាប់បាតព្រះសង្ឃ និងស្តាប់ព្រះធម៌ទេសនាជាដើម។
ពិធីបុណ្យវិសាខបូជាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែវិសាខ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗចំនួនបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម ដែលក្នុងនោះរួមមាន៖ ទី១.ជាថ្ងៃព្រះអង្គទ្រង់ប្រសូត ទី២.ជាថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ ក្រោមម្លប់ពោធិ៍ព្រឹក្ស និងទី៣. ជាថ្ងៃដែលព្រះអង្គទ្រង់រំលត់សង្ខារ ចូលកាន់ព្រះបរិនិព្វាន។
បុណ្យវិសាខបូជា គឺជាថ្ងៃបុណ្យដ៏សំខាន់មួយ ក្នុងចំណោមពិធីបុណ្យសំខាន់ៗ នៅក្នុងព្រះពុទ្ធសាសនា ក្នុងនោះមានដូចជា បុណ្យមាឃបូជា អាសាឍបូជា និងអស្សុជបូជាជាដើម ដែលពិធីបុណ្យទាំងអស់នេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធររាជធានី-ខេត្ត រួមទាំងពុទ្ធបរិស័ទ បានធ្វើនៅតាមវត្តអារាម នៅទូទាំងប្រទេស ដោយមានការរៀបចំធ្វើពិធីតាមបែបព្រះពុទ្ធសាស ហើយរាជរដ្ឋាភិបាល ក៏បានយកថ្ងៃនេះ ជាថ្ងៃឈប់សម្រាកផងដែរ៕ អត្ថបទ៖ទូច សោភ័ណ



