ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ បំផុសចលនាអ្នកសង្ស័យថាផ្ទុកមេរោគ ត្រូវមកធ្វើតេស្តឈាម កាលណាធ្វើតេស្តឈាមរកឃើញមេរោគអេដស៍ គឺត្រូវតែព្យាបាល។
ការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សាការងារ ដើម្បីកំណត់យុទ្ធវិធី នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់ទីស្តីការគណៈរដ្ឋមន្ត្រី, នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំត្រូវអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍គណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយឯកឧត្តម អាន ជាលី អនុរដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ទីស្តីការគណៈរដ្ឋមន្រ្តី សរុបចំនួន ៣៥រូប។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩។
ជាបន្តឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានការបង្ហាញដូចខាងក្រោម៖ បទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍សម្រាប់ក្រសួង ស្ថាប័ន ដោយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ ឯកឧត្តមបណ្ឌិត បានបង្ហាញដោយសង្ខេបពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ និងផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៦ ឆ្នាំ២០២៤-២០២៨។ បទបង្ហាញ ស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយឯកឧត្តម វេជ្ជបណ្ឌិតទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការសម្របសម្រួល ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។ ឯកឧត្តម ក៏បានបង្ហាញវិធាននៃការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍។
ជាបន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវកិច្ចពិភាក្សាដល់អង្គប្រជុំ ដោយមានការចូលរួម ដូចតទៅ៖
ឯកឧត្តម ថោង សុគន្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន មានមតិថា៖ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងធ្វើវឌ្ឍនភាពសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គណៈរដ្ឋមន្រ្តី បន្ទាប់ពីកិច្ចប្រជុំនៅចុងខែឧសភានេះ។ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងយកវិធានទាំងនេះ ទៅបង្កើតជាផែនការ សម្រាប់អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ ព្រមទាំងដាក់ឆ្លងឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖ លុបបំបាត់អេដស៍បានតាមគោលការណ៍របស់អង្គការសហប្រជាជាតិគឺបញ្ចុះឱ្យបាន១០ភាគរយនៃលទ្ធផលដែលសម្រេចបានកាលពីឆ្នាំ២០១០ តាមរយៈការដាក់គោលដៅសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥ តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ ៩៥ទាំងបីគឺ គោលដៅទី២ និងទី៣ នៅឆ្នាំ២០២២ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន បានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ និង៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទទួលបានសេវាព្យាបាល និងថែទាំជំងឺអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាប) ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសដែលប្រព្រឹត្តទៅរៀងរាល់ខែ។ ការមាក់ងាយ និងរើសអើង នៅមាននៅឡើយក្នុងសង្គមកម្ពុជា។ បើទោះបីមានវិធាននានាក្នុងការបង្ការការឆ្លងមេរោគអេដស៍ក៏ដោយ ក៏ការឆ្លងថ្មីនៅតែមាន ជាពិសេសក្រុមប្រជាជនគន្លឹះយុវវ័យ។ រិះរកនូវវិធានច្បាប់ និងវិធីសាស្រ្តក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសគ្លីនិកឯកជនឱ្យផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍ នោះយើងសង្ឃឹមថានឹងសម្រេចបាននូវគោលដៅទាំងបី។ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ជាសេនាធិការតាមវិស័យរបស់អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ដើម្បីបង្កការងាយស្រួលដល់ការរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិនឹងរៀបចំនូវលិខិតជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី៕




