កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រាប់អោយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នាគោរពច្បាប់អោយល្អ ដោយមិនត្រូវចូលទៅបំពានឈូសឆាយព្រៃលិចទឹក ឬដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ដាច់ខាត បើមិនដូច្នោះទេ បងប្អូនអាចប្រឈមមុខនឹងផ្លូវច្បាប់ចៀសមិនរួច។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងឱកាសផ្សព្វផ្សាយច្បាប់ដល់ម្ចាស់ត្រាក់ទ័រ ប្រជាពលរដ្ឋ មេឃុំ មេភូមិ ស្មៀន កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ ក្នុងស្រុកកំពង់លែង ដែលមានការចូលរួមពីលោក សាន់ យូ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង , លោកប្រធានមន្ទីរកសិកម្ម ធនធានទឹក ដែនដី និងបរិស្ថានផងដែរ។
ឯកឧត្តម ឯក ស៊ុនរស្មី បានបន្តថា៖ ការចុះផ្សព្វផ្សាយច្បាប់នៅក្នុងស្រុកកំពង់លែងនាពេលនេះ គឺចង់អោយប្រជាពលរដ្ឋ ម្ចាស់ត្រាក់ទ័រ មេភូមិ មេឃុំ រដ្ឋបាលស្រុក រួមនិងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ យល់ដឹងកាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃបទល្មើសជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងធនធានធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋ។ ពង្រឹងការអនុវត្តច្បាប់ស្ដីពីជលផល ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងច្បាប់ផ្សេងទៀតទាក់ទងនឹងការការពារធនធានធម្មជាតិ ។ ណែនាំមន្ត្រីនគរបាលយុត្ដិធម៌អោយស្គាល់ និងយល់ពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្ដិធម៌ក្នុងសំណុំរឿងបទល្មើសទាក់ទងនឹងធនធានធម្មជាតិ ។ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្ដិធម៌ក្នុងការបង្ក្រាបបទល្មើសទាក់ទងនឹងជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសនានាដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បន្ថែមលើសពីការលើកឡើងខាងលើ ឯកឧត្តមបានបង្ហាញលិខិតរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងលេខ 236/24 សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ សេចក្តីជូនដំណឹងស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលកាន់កាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយខេត្តបានយោងសេចក្តីជូនដំណឹងស្តីពីវិធានការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ លេខ 1127/0324 សជណ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន តាមខ្លឹមសារលិខិតបានន័យថា រដ្ឋបាលខេត្តមិនទទួលស្គាល់រាល់លិខិតចុះហត្ថលេខាបញ្ជាក់ពីមេភូមិ មេឃុំ ឬស្រុក ដែលផ្ទុយពីលិខិតខាងលើឡើយ ។
នាឱកាសនោះ ប្រជាពលរដ្ឋ ម្ចាស់ត្រាក់ទ័រ មេភូមិ មេឃុំ រដ្ឋបាលស្រុក រួមនិងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធ បានយល់ដឹងកាន់តែច្បាស់ពីច្បាប់ពាក់ព័ន្ធនឹងទិដ្ឋភាពទូទៅនៃបទល្មើសជលផល ព្រៃឈើ បរិស្ថាន និងបទល្មើសផ្សេងទៀតពាក់ព័ន្ធនឹងធនធានធម្មជាតិដែលគ្រប់គ្រងដោយរដ្ឋក្នុងខេត្តកំពង់ឆ្នាំង៕ ដោយ ៖ កាំង ហុងវាស្នា









