បាល់ទាត់៖ បន្ទាប់ពីសំណើចាស់ ៨៥លានផោនបូកបន្ថែមទាំងខ្សែការពារអេស្ប៉ាញ Marcos Alonso ទៅកាន់ Inter Milan ទិញខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku ត្រូវបានបដិសេធនោះ Chelsea គ្រោងដាក់សំណើថ្មីដែលមានតម្លៃបំបែកកំណត់ត្រានៅ English Premier League។

អ្នកសារព័ត៌មានកីឡាដែលអាចជឿទុកចិត្តបាន Fabrizio Romano បានឱ្យដឹងថា សំណើថ្មីរបស់ Chelsea នោះគឺតម្លៃចន្លោះពី ១០២ ទៅ ១១១លានផោន ដែលធ្វើឱ្យ Romelu Lukaku ក្លាយជាកីឡាករដែលផ្ទេរមកកាន់ English Premier League ក្នុងតម្លៃខ្ពស់បំផុតបំបែកកំណត់ត្រារបស់ Paul Pogba ៨៦លានផោន និងគ្រោងបំបែកកំណត់ត្រា Jack Grealish ដែលគ្រោងមកកាន់ Manchester City ក្នុងតម្លៃ ១០០លានផោនទៀតផង។ កីឡាករវ័យ ២៨ឆ្នាំគឺជាគោលដៅរបស់ Chelsea ដែលកំពុងស្វែងរកខ្សែប្រយុទ្ធជួរមុខម្នាក់ បន្ទាប់ពីការចង់បានខ្សែប្រយុទ្ធ Dortmund, Erling Haaland មិនអាចទៅរួច។
Romelu Lukaku ធ្លាប់ជាអតីតកីឡាកររបស់ Chelsea ចន្លោះឆ្នាំ២០១១ ដល់ ២០១៤ មុនពេលផ្ទេរទៅកាន់ Everton ក្រោយចំណាយពេល ១រដូវកាលក្នុងលក្ខខណ្ឌខ្ចីនៅ Goodison Park។ Lukaku ស៊ុតបញ្ចូលទីបាន ៤២គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦ប្រកួតឱ្យ Manchester United តែក៏បានចាកចេញទៅ Inter Milan កាលពីឆ្នាំ២០១៩ ក្នុងតម្លៃកំណត់ត្រាក្លិប ៧៤លានផោនជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ។ Lukaku គឺជាសមាជិកសំខាន់របស់ Inter Milan ដែលឈ្នះជើងឯក Serie A រដូវកាលមុនក្រោយរកបាន ២៤គ្រាប់ និងបញ្ជូន ១១បាល់៕
អត្ថបទ៖នាង សុភាវុធ