ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ (២១ ឧសភា) នេះថា គណៈប្រតិភូរុស្ស៊ី បានទៅដល់ទីក្រុងព្យុងយ៉ាង ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនកាន់តែខ្លាំងចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន (Kim Jong Un) ទៅកាន់ប្រទេសរុស្ស៊ី កាលពីឆ្នាំមុន។

វីដេអូដែលផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានបង្ហាញគណៈប្រតិភូដឹកនាំដោយលោក ហ្គ្រីហ្គោរី រ៉ាផូថា (Grigory Rapota) សមាជិកនៃគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី និងជាប្រធានក្រុមសភាមិត្តភាពរុស្ស៊ី-កូរ៉េខាងជើង បានទៅដល់អាកាសយានដ្ឋានក្រុងព្យុងយ៉ាង និងត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងជើង លោក រី ឆុល (Ri Chol)។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា គណៈប្រតិភូបានទៅដល់កាលពីថ្ងៃចន្ទ (២០ ឧសភា) ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីគោលបំណងនៃដំណើរទស្សនកិច្ចនោះទេ។

ស្ថានទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើង បាននិយាយតាមរយៈបណ្តាញផ្ញើសារតេលេក្រាម របស់ខ្លួនថា គណៈប្រតិភូនឹងស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាង រហូតដល់ថ្ងៃសុក្រ (២៤ ឧសភា) ហើយភាគីទាំងពីរនឹងពិភាក្សាអំពីការផ្លាស់ប្តូរសភា និងការចូលរួមបន្ថែមទៀត៕