កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឡោមព័ទ្ធទីតាំងផ្ទះសំណាក់មួយកន្លែងយីហោសួស្ដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន ១៨នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។
ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ជា ខេមា អភិបាលខណ្ឌដូនពេញ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញបានធ្វើឡើងនៅវេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុចផ្ទះសំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់ពពួនគ្នាចេញចូលនៅក្នុងផ្ទះសំណាក់នេះដែលមានការសង្ស័យពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។
ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំគោលការណ៍ចុះឡោមព័ទ្ធចំណុចទីតាំងផ្ទះសំណាក់នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ១៨នាក់ និងដករហូតសារធាតុមានមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញនាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ



