
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (២០ ឧសភា) ថា ការបញ្ចប់អាណត្តិរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy) មិនប៉ះពាល់ដល់សកម្មភាពយោធារបស់ប្រទេសនេះនៅអ៊ុយក្រែននោះទេ។ អាណត្តិប្រធានាធិបតីរយៈពេលប្រាំឆ្នាំរបស់លោក ហ្ស៊េឡិនស្គី ត្រូវបានគេសន្មត់ថាបានបញ្ចប់កាលពីថ្ងៃចន្ទ ប៉ុន្តែលោកនៅតែកាន់តំណែងដដែល ខណៈការបោះឆ្នោតត្រូវបាន ពន្យារពេលដោយសារសង្គ្រាមកំពុងបន្ត។
នៅពេលត្រូវសាកសួរថាតើការផុតអាណត្តិរបស់លោក ហ្ស៊េឡិនស្គី អាចមានឥទ្ធិពលលើ «ប្រតិបត្តិការយោធាពិសេស» ដែលបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឬយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ «មិនប៉ះពាល់ទេ ប្រតិបត្តិការពិសេសនៅតែបន្ត»។
នៅក្នុងសន្និសិទសារព័ត៌មានមួយ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អាជ្ញាធរអ៊ុយក្រែន បច្ចុប្បន្ននៅក្នុងទីក្រុងគីវ «ទាញយកអំណាចរបស់ពួកគេពីរដ្ឋប្រហារ» ហើយប្រព័ន្ធច្បាប់របស់អ៊ុយក្រែន ត្រូវតែឆ្លើយតបទៅនឹងសំណួរនៃភាពស្របច្បាប់របស់លោក ហ្ស៊េឡិនស្គី «ព្រោះបើចុះហត្ថលេខាលើឯកសារណាមួយ យើងត្រូវតែធ្វើជាមួយអាជ្ញាធរស្របច្បាប់»។
ការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន ដែលគ្រោងធ្វើនៅខែមីនា មិនបានធ្វើឡើងទេ ស្របពេលមានច្បាប់អាជ្ញាសឹកដែលបានដាក់ចេញ បន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមការលុកលុយអ៊ុយក្រែន។ កាលពីឆ្នាំមុន លោក ហ្ស៊េឡិនស្គី បាននិយាយថា ការនិយាយពីការបោះឆ្នោតក្នុងអំឡុងពេលមានសង្រ្គាម គឺជារឿង «គ្មានការទទួលខុសត្រូវ» និងបានអំពាវនាវឱ្យមានឯកភាព ហើយមនុស្សភាគច្រើននៅក្នុងប្រទេសនេះហាក់ដូចជាយល់ស្របចំពោះការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះ៕