
ប្រធានក្រុមប្រឹក្សាអឺរ៉ុប ត្រូវបានរិះគន់ដោយក្រុមអ្នកនយោបាយនៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីបានចូលរួម«ការរំលែកទុក្ខយ៉ាងស្មោះស្ម័គ្ររបស់សហភាពអឺរ៉ុប» ចំពោះការមរណភាពរបស់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ។
សមាជិកសភាគាំទ្រសហភាពអឺរ៉ុប និងអ្នករិះគន់អឺរ៉ុបដូចជាលោក Geert Wilders ត្រូវបានរួបរួមគ្នាភ្លាមៗ ក្នុងការបដិសេធសាររំលែកទុក្ខរបស់លោក Charles Michel សម្រាប់ប្រធានាធិបតីអ៊ីរ៉ង់ បន្ទាប់ពី «អ្នកកាប់សម្លាប់នៃទីក្រុងតេអេរ៉ង់» ត្រូវបានបញ្ជាក់ថា បានស្លាប់កាលពីថ្ងៃចន្ទ។
ជនជាតិអ៊ីរ៉ង់រាប់រយនាក់ ត្រូវបានសម្លាប់អំឡុងពេលការបង្រ្កាបរបស់ទីក្រុងតេអេរ៉ង់លើការតវ៉ា ដែលដឹកនាំដោយស្ត្រី ហើយជនជាតិអឺរ៉ុប ត្រូវបានឃុំខ្លួនតាមអំពើចិត្តដោយរបបនេះ រួមទាំងលោក Johan Floderus មន្ត្រីសហភាពអឺរ៉ុបស៊ុយអែតផងដែរ។
ប្រទេសអ៊ីរ៉ង់ បានផ្គត់ផ្គង់យានដ្រូដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងឧបត្ថម្ភដល់អំពើភេរវកម្មអន្តរជាតិ។ ក្រោមការកាន់តំណែងជាប្រធានាធិបតីរបស់លោក រ៉េស៊ី ដែលមាននិន្នាការដ៏រឹងរូស ទីក្រុងតេអេរ៉ង់ បានបើកការវាយប្រហារផ្ទាល់ជាលើកដំបូងរបស់ខ្លួនលើអ៊ីស្រាអែល នៅឆ្នាំនេះ។
លោក Michel អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក ដែលធ្វើជាប្រធានកិច្ចប្រជុំកំពូលនៃមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល បាននិយាយនៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា៖ «សហភាពអឺរ៉ុបសូមចូលរួមរំលែកទុក្ខដោយស្មោះស្ម័គ្រចំពោះមរណភាពរបស់លោកប្រធានាធិបតី រ៉េស៊ី»។