
កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ខ្លួននឹងហាមប្រាមបទភ្លេងឃោសនារបស់កូរ៉េខាងជើង ដែលលើកតម្កើងមេដឹកនាំផ្តាច់ការរបស់ទីក្រុងព្យុងយ៉ាង គឺលោក Kim Jong Un (គីម ជុង អ៊ុន) ថា ជា «បិតាមិត្តភាព» និង «មេដឹកនាំដ៏អស្ចារ្យ»។
និយតករប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងសេអ៊ូល បាននិយាយថា វីដេអូចម្រៀងដែលបានក្លាយជាការពេញនិយមនៅលើបណ្ដាញសង្គម TikTok ចាប់តាំងពីមានការបញ្ចេញនូវបទចម្រៀងនេះ នៅក្នុងខែមេសា គឺជាការរំលោភលើច្បាប់សន្តិសុខជាតិរបស់ប្រទេស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ (ទី២០ ខែឧសភា) គណៈកម្មាធិការស្តង់ដារទំនាក់ទំនងកូរ៉េរបស់ទីក្រុងសេអ៊ូល បានលើកឡើងថា «បទចម្រៀងនេះលើកតម្កើងលោក គីម ជុង អ៊ុន ហើយសរសើរ និងគោរពគាត់»។ ច្បាប់សន្តិសុខរបស់ជាតិ រារាំងមិនឲ្យមានការចូលទៅប្រើប្រាស់គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលកូរ៉េខាងជើង ហើយដាក់ទណ្ឌកម្មនូវរាល់អាកប្បកិរិយា និងសុន្ទរកថាដែលគាំទ្ររបបនេះ។
គណៈកម្មការបាននិយាយថា កំណែចំនួន ២៩ នៃវីដេអូបទចម្រៀងដែលមានចំណងជើង «Friendly Father» (បិតាមិត្តភាព) នឹងត្រូវបានរារាំង ប៉ុន្តែគណៈកម្មការមិនបានបញ្ជាក់លម្អិតអំពីរបៀបដែលខ្លួននឹងអនុវត្តនោះទេ។ គណៈកម្មការ បានបន្ថែមថា សេចក្តីសម្រេចនេះត្រូវបានជំរុញដោយការស្នើពីសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង។
និយតករបានលើកឡើងថា៖ «វីដេអូនេះគឺជាខ្លឹមសារតំណាងដែលភ្ជាប់ទៅនឹងសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងកូរ៉េខាងត្បូង ដូចដែលបទចម្រៀងនេះត្រូវបានបង្ហោះនៅលើឆាណែលដែលដំណើរការ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពិភពលោកខាងក្រៅ ហើយផ្តោតសំខាន់លើការលើកតម្កើង និងគោរពលោក គីម ជាឯកតោភាគី»។
សូមបញ្ជាក់ថា បទចម្រៀង «Friendly Father» គឺជាបទចម្រៀងពេញនិយមចុងក្រោយបង្អស់ ដែលត្រូវបានទីក្រុងព្យុងយ៉ាងផលិតជាម៉ាស៊ីនឃោសនាជាបន្តបន្ទាប់ ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ៕