
អ្នកវិភាគបាននិយាយថា មរណភាពរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអាទិត្យ (ទី២០ ខែឧសភា) ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ទំនងជាមិននាំឲ្យមានការផ្លាស់ប្តូរទូលំទូលាយណាមួយ នៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ីរ៉ង់ ឬនៅក្នុងទស្សនៈរបស់ទីក្រុងតេអេរ៉ង់ ចំពោះទីក្រុងវ៉ាស៊ីនតោននោះទេ។
ប៉ុន្តែអ្នកវិភាគមួយចំនួន ដូចជាប្រធានក្រុមវិបត្តិអន្តរជាតិ លោក Ali Vaez បារម្ភពីភាពមិនប្រាកដប្រជាខាងនយោបាយ នៅអ៊ីរ៉ង់ អាចនាំឲ្យសត្រូវស្លាប់រស់របស់ខ្លួន គឺប្រទេសអ៊ីស្រាអែល ចាត់វិធានការយោធាកាន់តែខ្លាំងឡើងៗប្រឆាំងនឹងក្រុមតំណាងរបស់អ៊ីរ៉ង់ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដែលការធ្វើបែបនេះប្រឈមនឹងហានិភ័យនៃ «ការកើនឡើងនូវជម្លោះមិនអាចគ្រប់គ្រងបាន»។
ចាប់តាំងពីក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ការតបតសងសឹករបស់អ៊ីស្រាអែល គឺបើកការវាយលុកលើតំបន់ហ្កាហ្សា ហើយការប៉ះទង្គិចគ្នាដែលពាក់ព័ន្ធនឹងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ បានផ្ទុះឡើងពាសពេញតំបន់មជ្ឈិមបូព៌ា។
ជាមួយគ្នានេះ «សង្រ្គាមស្រមោល» ដ៏យូរមួយ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានឈានដល់ការបើកចំហរ កាលពីខែមុន ជាមួយនឹងការតបតគ្នាទៅវិញទៅមកដោយយានដ្រូន និងមីស៊ីល។
លោក Vaez បាននិយាយថា កិច្ចចរចាដោយប្រយោល នាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងប្រទេសអូម៉ង់ មានគោលបំណងរក្សាស្ថានភាពឲ្យស្ថិរភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាជាងការទម្លាយភាពទាល់ច្រកការទូតណាមួយ ហើយទំនងជានឹងបន្តនៅក្នុងបន្ទាត់ក្របខណ្ឌនោះទៀត។
ការស្លាប់របស់លោក Raisi កើតឡើងនៅពេលដែលមានការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងៗ នៅអ៊ីរ៉ង់ ជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ប្រឈមនឹងសម្ពាធអន្តរជាតិ ជុំវិញការមានជម្លោះលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការធ្វើឲ្យមានទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ ជាមួយរុស្ស៊ី អំឡុងពេលមានសង្គ្រាមនៅអ៊ុយក្រែន៕