មេដឹកនាំនៃគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានថ្កោលទោសតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល កាលពីថ្ងៃចន្ទ (ទី២០ ខែឧសភា) ដោយមេដឹកនាំសំឡេងភាគច្រើន លោក Chuck Schumer បានចាត់ទុកដីកានេះថា ជារឿង «គួរឲ្យអាម៉ាស់»។
មេដឹកនាំសំឡេងភាគតិចរបស់គណបក្សសាធារណរដ្ឋ លោក Mitch McConnell បាននិយាយថា ការសម្រេចរបស់ ICC បង្ហាញថា ខ្លួន ជា «តុលាការបម្រើឲ្យក្រុមមួយក្ដាប់តូច»។ តែទោះជាយ៉ាងណាក្ដី សមាជិកព្រឹទ្ធសភាឯករាជ្យ លោក Bernie Sanders បានចេញសេចក្តីថ្លែងការណ៍គាំទ្រដល់ចំណាត់ការរបស់ ICC ដោយនិយាយថា «វាជាការចាំបាច់ដែលសហគមន៍សកលលោកត្រូវគោរពច្បាប់អន្តរជាតិ»។
គួរបញ្ជាក់ថា រដ្ឋអាជ្ញារបស់ ICC បាននិយាយកាលពីថ្ងៃចន្ទថា លោកបានស្នើសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រធានការពារជាតិរបស់លោក និងមេដឹកនាំក្រុមហាម៉ាសចំនួន ៣នាក់ ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញបន្ទាប់ពីមានសង្រ្គាមជាង ៧ខែ នៅតំបន់ហ្កាហ្សា រដ្ឋអាជ្ញារបស់ ICC លោក Karim Khan បាននិយាយថា លោកមានហេតុផលគ្រប់គ្រាន់សមរម្យ ក្នុងការជឿថា បុគ្គលទាំង ៥នាក់នោះ «ត្រូវទទួលខុសត្រូវលើបទល្មើសព្រហ្មទណ្ឌ ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»៕