
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី២០ ខែឧសភា) បាននិយាយថា ដោយសារកត្តាសមហេតុផលជាច្រើន ខ្លួនមិនអាចទទួលយកសំណើរបស់អ៊ីរ៉ង់ ដើម្បីសុំជំនួយបានឡើយ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីចុងសប្តាហ៍ ដែលឧប្ទវហេតុនោះបានបណ្ដាលឲ្យប្រធានាធិបតី លោក Ebrahim Raisi បាត់បង់ជីវិត ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានចូលរួមរំលែកទុក្ខរបស់ខ្លួន។
សំណើដ៏កម្ររបស់អ៊ីរ៉ង់ ដែលចាត់ទុកសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាបច្ចាមិត្តដ៏ធំរបស់ខ្លួននោះ ត្រូវបានបង្ហាញដោយក្រសួងការបរទេសនៅក្នុងសន្និសីទសារព័ត៌មានមួយ។
នៅក្នុងសន្និសីទសារព័ត័មាននោះ អ្នកនាំពាក្យលោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងត្រូវបានស្នើសុំជំនួយពីរដ្ឋាភិបាលអ៊ីរ៉ង់។ យើងបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេថា យើងនឹងផ្តល់ជំនួយ ដូចដែលយើងនឹងធ្វើ ដើម្បីឆ្លើយតបទៅនឹងសំណើណាមួយរបស់រដ្ឋាភិបាលបរទេស ក្នុងស្ថានភាពបែបនេះ»។
ដោយមិនបានបញ្ជាក់អ្វីលម្អិតបន្ថែម លោក Miller បានសង្កត់ធ្ងន់ថា៖ «តែនៅទីបំផុត ដោយពិចារណាដល់កត្តាសមហេតុផលជាច្រើន យើងសម្រេចថា យើងមិនអាចធ្វើតាមការសុំជំនួយនោះបានទេ»។
បំណែកនៃឧទ្ធម្ភាគចក្រឆេះខ្ទេច ដែលបានធ្លាក់ កាលពីថ្ងៃទី១៩ ឧសភា និងដែលដឹកលោក Raisi និងរដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian រួមជាមួយអ្នកដំណើរ និងអាកាសយានិក ៦នាក់ផ្សេងទៀត ត្រូវបានរកឃើញ នៅព្រឹកព្រលឹមថ្ងៃទី២០ ឧសភា បន្ទាប់ពីប្រតិបត្តិការស្វែងរកពេញមួយយប់ ប្រឈមជាមួយនឹងស្ថានភាពខ្យល់ព្យុះខ្លាំង។
មកទល់ពេលនេះ អ៊ីរ៉ង់មិនទាន់ផ្តល់ពាក្យផ្លូវការណាមួយនៅឡើយទេអំពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ Bell 212 ដែលផលិតដោយសហរដ្ឋអាមេរិក នៅលើភ្នំក្បែរព្រំដែនប្រទេសអាស៊ែបៃហ្សង់៕