
លោក Jake Sullivan ជាទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានទទូចឲ្យទទួលបានជំនួយមនុស្សធម៌ ចូលទៅដល់ទូទាំងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល។
សេតវិមាន បាននិយាយកាលពីថ្ងៃចន្ទថា លោក Sullivan បានសង្កត់ធ្ងន់នៅក្នុងកិច្ចពិភាក្សាជាមួយរដ្ឋ មន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Galant) និងនាយសេនាធិការ លោក Herzi Haleviថា នេះគឺជារឿងសំខាន់ដែលអ៊ីស្រាអែល និងអេហ្ស៊ីប បញ្ចប់កិច្ចចរចារបស់ពួកគេស្តីពីការបើកច្រកព្រំដែនរ៉ាហ្វាឡើងវិញ នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។
លោក Sullivan បានសង្កត់ធ្ងន់ថា បុគ្គលិកមនុស្សធម៌ ត្រូវតែអាចផ្តល់ជំនួយដោយសុវត្ថិភាពដល់អ្នកដែលត្រូវការជំនួយ នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប។ លោកបានបន្ថែមថា ដើម្បីឲ្យជំនួយទៅដល់តំបន់មាត់សមុទ្រនេះ ច្រកព្រំដែនដែលមានទាំងអស់ ត្រូវប្រើបាន។
លោក ហ្គាឡែនធ៍ និង លោក Halevi បានជូនដំណឹងដល់លោក Sullivan អំពី «វិធីសាស្រ្តជំនួសថ្មី» ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅទីក្រុងរ៉ាហ្វា។
សហរដ្ឋអាមេរិក បានរិះគន់យ៉ាងធ្ងន់ៗលើការវាយលុកលើមូលដ្ឋានរបស់អ៊ីស្រាអែលដ៏ធំមួយ នៅក្នុងទីក្រុងហ្កាហ្សាស្ទ្រីបភាគខាងត្បូង ដែលមានទីតាំងជាប់ព្រំដែនជាមួយប្រទេសអេហ្ស៊ីប។