
មួយថ្ងៃបន្ទាប់ពីបានជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទី២ ប្រធានាធិបតីដូមីនីក លោក Luis Abinader បាននិយាយកាលពីថ្ងៃចន្ទ (ទី២០ ខែឧសភា) ថា លោកនឹងជួបជាមួយមេដឹកនាំគណបក្សប្រឆាំង ដើម្បីពិភាក្សាអំពីកំណែទម្រង់សារពើពន្ធ នាពេលខាងមុខ។
លោក Abinader បានប្រាប់ថា កំណែទម្រង់នេះ នឹងរួមបញ្ចូលនូវការកែប្រែទៅលើការយកពន្ធ ក៏ដូចជាការចំណាយសាធារណៈផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Abinader បានបញ្ជាក់ថា ការសើរើនេះនឹងរួមបញ្ចូល «ការលើកកម្ពស់យ៉ាងខ្លាំងក្លាដល់ប្រព័ន្ធអប់រំ ការថែទាំសុខភាព (និង) កំណែទម្រង់នគរបាលរបស់យើង»។
លោកប្រធានាធិបតីបានលើកឡើងទៀតថា កំណែទម្រង់ពន្ធនេះ នឹងមិនធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់សាធារណរដ្ឋដូមីនីក ប្រឈមនឹងហានិភ័យនោះទេ ខណៈដែលកំពុងសម្លឹងមើលការការពារដល់អ្នកងាយរងគ្រោះបំផុតរបស់ប្រទេស។
យ៉ាងណាក្ដី លោក Abinader បានព្រមានថា សំណើរបស់លោក ទំនងជានឹងចូលជាធរមានជាមួយនឹងការកែប្រែមួយចំនួន។ ហើយលោកក៏បាននិយាយអំពីផែនការក្នុងការបង្ហាញពីកំណែទម្រង់ការបោះឆ្នោតផងដែរ ទោះបីជាលោកបានផ្តល់ព័ត៌មានលម្អិតបន្ថែមតិចតួចក៏ដោយ៕