
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បានមកដល់ទីក្រុងគីវ នៅព្រឹកថ្ងៃអង្គារនេះ ហើយបានធ្វើការអំពាវនាវាឲ្យមានការគាំទ្រពីអន្តរជាតិបន្ថែមទៀត ដើម្បីការពារដែនអាកាសរបស់ប្រទេសនេះ ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
លោកស្រី បាននិយាយនៅពេលចាប់ផ្តើមនៃដំណើរទស្សនកិច្ចលើកទី៧របស់ខ្លួន ទៅកាន់អ៊ុយក្រែនថា៖ «ដើម្បីការពារអ៊ុយក្រែនពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី វាត្រូវការជាបន្ទាន់នូវការការពារដែនអាកាសបន្ថែមទៀត»។
ដំណើរទស្សនកិច្ចរបស់លោកស្រី មិនត្រូវបានគេប្រកាសឲ្យដឹងឡើយ ដោយសារហេតុផលសុវត្ថិភាពទេ។
លោកស្រី បែបក់ បានថ្លែងថា សម្ព័ន្ធមិត្តរបស់ទីក្រុងគីវ ត្រូវតែ «រួមគ្នា»ទាំងសម្រាប់ជាប្រយោជន៍របស់អ៊ុយក្រែន និងដើម្បីរារាំងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ពីការបញ្ជូនកងទ័ពទៅកាន់ «ព្រំដែនរបស់យើង»។
លោកស្រី បានកត់សម្គាល់ថា គំនិតផ្តួចផ្តើមដឹកនាំដោយអាល្លឺម៉ង់ ដែលមានបំណងកសាងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានរៃអង្គាសប្រាក់បានជិត ១ ពាន់លានអឺរ៉ូ (១ ពាន់លានដុល្លារ)។ លោកស្រីរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា៖«យើងកំពុងខិតខំប្រឹងប្រែងធ្វើការ ដើម្បីធានាថា យើងនឹងទទួលបានជំនួយកាន់តែច្រើនថែមទៀត»។