
ក្រសួងការបរទេសចិន នៅថ្ងៃអង្គារ (ទី២១ ខែឧសភា) នេះ បាននិយាយថា ប្រទេសចិនបានហាមឃាត់អតីតសមាជិកសភាអាមេរិកលោក Mike Gallagher មិនឲ្យចូលប្រទេស និងចាត់វិធានការផ្សេងទៀតដើម្បីឆ្លើយតបទៅនឹងពាក្យសម្ដី និងសកម្មភាពរបស់លោក ដែល «ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
ក្រសួងបានប្រាប់ថា ប្រទេសចិននឹងបង្កកទ្រព្យសម្បត្តិរបស់លោក Gallagher នៅក្នុងប្រទេស ហើយហាមឃាត់អង្គការ និងបុគ្គលនៅទីនោះ មិនឲ្យមានការធ្វើជំនួញ និងកិច្ចសហប្រតិបត្តិការជាមួយរូបលោក។ តែក្រសួងមិនបានលម្អិតអំពីអ្វីដែលលោក Gallagher បាននិយាយ ឬធ្វើនោះទេ។
លោក Gallagher ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បានរិះគន់ចិនយ៉ាងខ្លាំងក្លា និងជាអ្នកគាំទ្រយ៉ាងរឹងមាំដល់តៃវ៉ាន់ ជាកោះស្វ័យគ្រប់គ្រងប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលទីក្រុងប៉េកាំងអះអាងថា ជាផ្នែកនៃទឹកដីរបស់ខ្លួន។
កាលពីខែកុម្ភៈ លោក Gallagher បានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ហើយបានជួបជាមួយអតីតមេដឹកនាំ លោកស្រី Tsai Ing-wen និងមេដឹកនាំបច្ចុប្បន្ន លោក Lai Ching-te។ លោកបានប្រាប់លោកស្រី Tsai នាពេលនោះថា ការធ្វើដំណើរនេះ គឺដើម្បីបង្ហាញពីការគាំទ្រទ្វេភាគី ចំពោះកោះនេះ ហើយបានហៅលោកស្រីថា ជា «មេដឹកនាំនៅក្នុងពិភពលោកដ៏សេរី»៕