
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី SIA នៅថ្ងៃអង្គារ (២១ ឧសភា) បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុននេះពីទីក្រុងឡុងដ្រ៍របស់អង់គ្លេសទៅកាន់ប្រទេសសិង្ហបុរី បានជួបប្រទះនឹងភាពច្របូកច្របល់ខ្លាំង។
ជើងហោះហើរ SQ321 ដែលបានចាកចេញពីអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ្រ៍ នៅវេលាម៉ោង ១០:៣៨នាទីយប់ ម៉ោងក្នុងស្រុក នាថ្ងៃចន្ទ ត្រូវបានបង្វែរទិសទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃអង្គារនេះ។ យន្តហោះបានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ វេលាម៉ោង ៣:៤៥រសៀល ម៉ោងក្នុងស្រុក។
តាមរយៈការបង្ហោះលើបណ្ដាញសង្គម Facebook នៅល្ងាចថ្ងៃអង្គារនេះ ក្រុមហ៊ុន SIA បានឲ្យដឹងថា៖ «យើងអាចបញ្ជាក់បានថា មានអ្នករងរបួស និងស្លាប់ម្នាក់ នៅលើយន្តហោះ Boeing 777-300ER។ មានអ្នកដំណើរសរុបទាំងអស់ចំនួន ២១១នាក់ និងអាកាសយានិក ១៨នាក់ នៅលើយន្តហោះនេះ»។
ក្រុមហ៊ុន SIA បានបន្ថែមថា៖ «អាទិភាពរបស់យើង គឺផ្តល់ជំនួយដែលអាចធ្វើទៅបានទាំងអស់ដល់អ្នកដំណើរ និងអាកាសយានិកទាំងអស់នៅលើយន្តហោះ។ យើងកំពុងធ្វើការជាមួយអាជ្ញាធរ ក្នុងតំបន់ នៅប្រទេសថៃ ដើម្បីផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តចាំបាច់ ហើយបញ្ជូនក្រុមទៅទីក្រុងបាងកក ដើម្បីផ្តល់ជំនួយបន្ថែមណាមួយដែលត្រូវការ»។
យ៉ាងណាក្ដី គ្មានព័ត៌មានណាមួយត្រូវបានផ្តល់ជូនអំពីសញ្ជាតិរបស់អ្នកដែលបានស្លាប់ ឬថា តើលោក ឬលោកស្រីរូបនោះ ជាអ្នកដំណើរ ឬសមាជិកអាកាសយានិកនោះឡើយ៕