ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសជាថ្មីម្តង ទៀត ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ ហើយមិនតែប៉ុណ្ណោះកម្ពុជានឹងមិន បង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយនឹងតៃវ៉ាន់នោះឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៤នេះ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ ក្រសួងការបរទេសបាន បញ្ជាក់ថាជំហរកម្ពុជា ចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព។ កម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោល នយោបាយចិនតែមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិននោះឡើយ។
ក្នុងន័យនេះ ក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ថា«កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់ បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងម៉ុតមាំរាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បី សម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ»៕
អត្ថបទ៖ បាន ចក់


