ត្បូងឃ្មុំ ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលក្រុងសួង ខេត្តត្បូងឃ្មុំ បានសហការគ្នាធ្វើពិធីដាំដើមឈើ ដើម្បីបង្កើនភាពបៃតងក្នុងសហគមន៍ និងបណ្តុះស្មារតីពលរដ្ឋឱ្យស្រឡាញ់ការពារបរិស្ថាន អភិរក្សធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ ឱ្យបានគង់វង្ស សម្រាប់ជាផលប្រយោជន៍មនុស្សរាប់ជំនាន់តទៅអនាគត។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កូនឈើ គ្រញូង និងធ្នង់ និងដើមក្ងោកពូជផ្កាពណ៌លឿង ចំនួនជាង១០០០ដើម ត្រូវបាននៅតាមបណ្តោយផ្លូវជាតិ លេខ៧ វត្តអារាម សាលារៀន និងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រក្រុងសួង នៅព្រឹកថ្ងៃទី៣ ខែតុលា នេះ ខណៈដែលរៀងរាល់ឆ្នាំ កូនឈើរាប់សែនដើម ត្រូវបានអាជ្ញាធរ ប្រជាពលរដ្ឋ ដាំនៅតាមតំបន់នានា ពិសេសតំបន់ព្រៃរេចរឹលផង នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីស្តារឡើងវិញនូវ គម្របព្រៃឈើ ដែលបានបាត់បង់ និងការពារធនធានធម្មជាតិព្រៃឈើ របស់កម្ពុជា ដែលនៅសល់។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន គម្របព្រៃឈើ នៅឆ្នាំ១៩៦៤ មានទំហំ៧៣ភាគ រយ នៃផ្ទៃដីប្រទេសកម្ពុជា ខណៈប្រជាពលរដ្ឋ មានចំនួនជាង៥លាន៧សែននាក់។ មកដល់ឆ្នាំ២០១៨ នៅសល់ជាង៤៦,៨៦ភាគរយ ខណៈចំនួនប្រជាជន បានកើនឡើងដល់១៦លាននាក់។ កត្តាមនុស្ស ជា ហេតុផលចម្បង ដែលបានធ្វើឱ្យធ្លាក់ចុះនូវគម្របព្រៃឈើ ហើយជំនួសមកវិញនូវផ្ទៃដីកសិកម្ម និងលំនៅ ឋាន។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រទេសកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងការពារធនធាន ធម្មជាតិ ដែលខ្លួនមាន ដោយបង្កើតតំបន់ការពារធម្មជាតិ និងតំបន់អភិរក្សជាច្រើនកន្លែង។ មកទល់ពេល នេះ មានតំបន់ការពារពារធម្មជាតិ ចំនួន៦៦កន្លែង លើផ្ទៃដីជាង៧,៣លានហិកតា ស្មើជាង៤១ភាគរយ នៃផ្ទៃដីប្រទេស និងឋិតនៅក្រោមការគ្រប់គ្រង និងអភិរក្ស របស់ក្រសួងបរិស្ថាន។ ផ្ទៃដីតំបន់ធម្មជាតិ ដែល ត្រូវបានដាក់ជាតំបន់អភិរក្សនេះ ច្រើនជាងពីរដង នៃគោលការណ៍ជីវចម្រុះអាឈី (Archi) ដែលកំណត់ ថា ប្រទេសនីមួយៗ ត្រូវរក្សាដីអភិរក្ស១៧ភាគរយ នៃផ្ទៃដីប្រទេស។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការដាំដើមឈើបន្ថែមថ្មី នឹងដើរតួនាទីសំខាន់ដើម្បីបង្កើតបរិស្ថាន បៃតងសម្រាប់ភូមិឃុំ និងដើម្បីជាដំណោះស្រាយចំពោះបញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដែលបាននឹងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពិភពលោក។ កម្ពុជា មិនមែនជាប្រទេស ដែលបង្កឱ្យ មានការប្រែប្រួលអាកាសធាតុឡើយ តែបាននឹងកំពុងរងនូវផលប៉ះពាល់ពីបញ្ហានេះ ដូចជារដូវវស្សាចាប់ ផ្តើមយឺត ភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត ឬទឹកជំនន់ ធ្វើឱ្យមានការប្រែប្រួលរបបទឹកនៃទន្លេមេគង្គ និង ទន្លេសាប និងធ្វើឱ្យខូចផលដំណាំប្រជាពលរដ្ឋ ជាដើម៕
អត្ថបទ៖ ចេន សុជាតា










