
ដោយធ្វើការអត្ថាធិប្បាយអំពីការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបានបណ្ដាលឲ្យប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាត់បង់ជីវិត រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារ (ទី២១ ខែឧសភា) បាននិយាយថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យសុវត្ថិភាពអាកាសចរណ៍កាន់តែអាក្រក់ទៅៗ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា រូបភាពពីទីកកន្លែង បានបង្ហាញពីឧទ្ធម្ភាគចក្រ Bell 212 ផលិតដោយសហរដ្ឋអាមេរិក ដែលដឹកលោក Raisi កំពុងធ្វើដំណើរ បានធ្លាក់នៅកំពូលភ្នំ ទោះបីជាមិនមានពាក្យសម្ដីជាព័ត៌មានផ្លូវការណាមួយអំពីមូលហេតុនៃការមានឧបទ្ទវហេតុនេះក៏ដោយ។
អ៊ីរ៉ង់គឺជាអតិថិជនដ៏ធំចំពោះឧទ្ធម្ភាគចក្រ Bell ក្រោមការដឹកនាំរបស់ព្រះមហាក្សត្រ Shah មុនពេលមានបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ទោះបីជាប្រភពដើមពិតប្រាកដនៃយន្តហោះដែលបានធ្លាក់ គឺមិនមានភាពច្បាស់លាស់ក៏ដោយ។ ទណ្ឌកម្មជាច្រើនទស្សវត្សរ៍បានធ្វើឲ្យអ៊ីរ៉ង់ពិបាក ក្នុងការទទួលបានគ្រឿងបន្លាស់ ឬអភិវឌ្ឍយន្តហោះរបស់ខ្លួន។
លោក Lavrov បាននិយាយអំពីឧប្ទវហេតុនេះថា៖ «ជនជាតិអាមេរិកបដិសេធរឿងនេះ ប៉ុន្តែការពិត គឺថា ប្រទេសផ្សេងទៀតដែលសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្ម មិនទទួលបានគ្រឿងបន្លាស់ សម្រាប់ឧបករណ៍អាមេរិកនោះទេ ក្នុងនោះរួមទាំងផ្នែកអាកាសចរណ៍ផងដែរ»។
លោក Lavrov បានបន្ថែមថា៖ «យើងកំពុងនិយាយអំពីបង្កការខូចខាតដោយចេតនាដល់ពលរដ្ឋសាមញ្ញដែលប្រើប្រាស់យានជំនិះទាំងនេះ ហើយនៅពេលដែលគ្រឿងបន្លាស់មិនត្រូវបានផ្គត់ផ្គង់ នេះគឺទាក់ទងដោយផ្ទាល់ទៅនឹងការថយចុះនៃកម្រិតសុវត្ថិភាព»៕