ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយកាលពីថ្ងៃអង្គារទី២១ឧសភា ថា ការរកឃើញសាកសព៤នាក់បន្ថែមទៀត កាលពីប៉ុន្មានម៉ោងចុងក្រោយ នៅក្នុងគ្រោះថ្នាក់អាកាសធាតុធ្ងន់ធ្ងរដែលបានវាយប្រហាររដ្ឋ រីអូ ក្រែនដេ ដូស៊ុល (Rio Grande do Sul )ភាគខាងត្បូងរបស់ប្រទេសប្រស៊ីល បានរុញឲ្យចំនួនអ្នកស្លាប់ កើនឡើងដល់១៦១នាក់ ។

កម្រិតភ្លៀងធ្លាក់ខ្ពស់បំផុត បានបំផ្លិចបំផ្លាញរដ្ឋនេះ ចាប់តាំងពីថ្ងៃទី២៩ខែមេសាមក ដោយបង្កឲ្យមានទឹកជំនន់និងបំណាក់ដីធ្ងន់ធ្ងរ នៅក្នុងទីក្រុងតូចធំចំនួន៤៦៤ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង២លាន២សែននាក់ ទាំងនៅតំបន់ជាយក្រុងនិងជនបទ រួមទាំងរដ្ឋធានី ព័រតូ អេឡេគ្រេ (Porto Alegre)។

អាកាសយានដ្ឋានអន្តរជាតិ ព័រតូ អេឡេគ្រេ ត្រូវបានបិទដោយពុំកំណត់ថានឹងបើកនៅពេលណា ដូច្នេះរដ្ឋាភិបាលសហព័ទ្ធបានអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានទ័ពអាកាសកាណូសអ៊ែរហ្វស ( Canoas Air Force) សម្រាប់ការហោះហើរពាណិជ្ជកម្ម។
ទីភ្នាក់ងារខាងលើ បាននិយាយថា ចំនួនអ្នកស្លាប់ទំនងនឹងកើនឡើងថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ខណៈមនុស្ស៨៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួន និង មនុស្សចំនួន៨០៦នាក់ បានរងរបួស។

កងកម្លាំងសន្តិសុខ និងក្រុមអ្នកឆ្លើយតបដំបូង បានជួយសង្រ្គោះអ្នកនៅរស់រានមានជីវិតចំនួន ៨២.៦៦៦នាក់ ទូទាំងរដ្ឋភាគខាងត្បូង និង តំបន់ផលិតដំណាំកសិកម្មដ៏សំខាន់ របស់ប្រេស៊ីល ជាប់ព្រំដែនជាមួយប្រទេសអាហ្សង់ទីន និង អ៊ុយរ៉ាហ្គាយ៕