រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានហៅមេដឹកនាំកោះតៃវ៉ាន់ ដែលទើបចូលកាន់តំណែងថ្មី គឺលោក ឡៃ ឆឹងទ័រ (Lai Ching-te) ថាជាមនុស្ស «គួរឱ្យអាម៉ាស់» កាលពីថ្ងៃអង្គារ (២០ ឧសភា) ដោយបានបង្កើនវោហាសាស្ត្រវាយប្រហាររបស់ទីក្រុងប៉េកាំង ត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកបានឡើងកាន់តំណែង។ ប្រទេសចិន ដែលអះអាងសិទ្ធិលើកោះតៃវ៉ាន់ ជឿជាក់ថាលោក ឡៃ គឺជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានបដិសេធសំណើចរចាររបស់លោក។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងប្រទេសកាហ្សាក់ស្ថាន លោក វ៉ាង បាននិយាយថា កោះតៃវ៉ាន់ គឺជា «បញ្ហាស្នូល» សម្រាប់ប្រទេសចិន ហើយសកម្មភាពឯករាជ្យ គឺជាកត្តាបំផ្លិចបំផ្លាញបំផុតសម្រាប់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។

ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក វ៉ាង ដោយនិយាយថា «ទង្វើដ៏អាក្រក់របស់លោក ឡៃ ឆឹងទ័រ និងអ្នកផ្សេងទៀតដែលក្បត់ជាតិ និងក្បត់បុព្វបុរសរបស់ពួកគេ គឺជារឿងដ៏គួរឱ្យអាម៉ាស់ជាទីបំផុត»។ លោកបានបន្ថែមថា គ្មានអ្វីអាចរារាំងប្រទេសចិន ពីការសម្រេចបាននូវ «ការបង្រួបបង្រួម» និងនាំកោះតៃវ៉ាន់ «ត្រឡប់ទៅមាតុភូមិវិញនោះទេ»។

លោក ឡៃ និងអ្នកកាន់តំណែងពីមុនរបស់ខ្លួនគឺ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បាននិយាយថា មានតែប្រជាជនតៃវ៉ាន់ ទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ ដោយបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ចិននិយាយថា រាល់សកម្មភាពរបស់កោះតៃវ៉ាន់ ដើម្បីប្រកាសឯករាជ្យជាផ្លូវការ នោះខ្លួននឹងមានហេតុផលក្រសោបយកកោះនេះ៕