យោងតាមអ្នកទូតជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ថា លោកប្រធានាធិបតីចិន Xi Jinping ត្រូវបានគេរំពឹងថានឹងជួបជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin នៅក្នុងប្រទេសកាហ្សាក់ស្ថានក្នុងខែកក្កដា។

នោះនឹងក្លាយជាជំនួបលើកទីពីររវាងមេដឹកនាំកំពូលរបស់ចិន និងរុស្ស៊ី ក្នុងរយៈពេលប្រហែលពីរខែ បន្ទាប់ពីលោក Xi បានធ្វើជាម្ចាស់ផ្ទះទទួលវត្តមានលោក Putin ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នៅក្នុងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ឧសភានេះ។
ប្រទេសទាំងបានប្តេជ្ញាពង្រីកទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ច និងយោធា ស្របពេលមានសម្ពាធកើនឡើងពីលោកខាងលិច។
យោងតាមទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ថាកាលវិភាគនៃការទំនាក់ទំនងរបស់យើង មានភាពរលូនខ្លាំងណាស់។

យើងទន្ទឹងរង់ចាំស្វាគមន៍អ្នក លោករដ្ឋមន្ត្រី មិត្តជាទីស្រឡាញ់ នៅក្នុងសម័យប្រជុំនៃរដ្ឋមន្ត្រីការបរទេសសម្រាប់ប្រទេសជាសមាជិកប្រ៊ីក (Brics) នៅទីក្រុងធំបំផុតទី៦ នីស្នី ណូហ្គ័ររ៉ុត ( Nizhny Novgorod ) ក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលមិនដល់មួយខែផង មេដឹកនាំរបស់យើងនឹងជួបគ្នាជាថ្មីទៀត ក្នុងអំឡុងពេល កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organisation)ឬ SCO នៅទីនេះនៅទីក្រុងអាស្តាណា (Astana) ប្រទេសកាហ្សាក់ស្ថាន នៅក្នុងខែកក្កដាខាងមុខនេះ៕