ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្តល់ជាទស្សនៈ និងលើកទឹកចិត្តដល់អ្នកតាក់តែងច្បាប់ គួរដាក់ទោសកម្រិតណាមួយចំពោះបុគ្គលណាដែល និយាយថា គ្មានរបបកម្ពុជា ប្រជាធិបតេយ្យ (ប៉ុល ពត) ខណៈរបបដ៏ឃោរឃៅមួយនេះ បានសម្លាប់ពលរដ្ឋខ្មៃរស្លូតត្រង់ជាងបីលាននាក់ ត្រឹមតែរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅបញ្ជាការដ្ឋានកងទព័ជើងគោក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វាអយុត្តិធម៌ខ្លាំងណាស់សម្រាប់ប្រជាពលខ្មែរទាំងមូលដែលជាជនរងគ្រោះដោយសារតែ របបប្រល័យពូជសាសន៍ប៉ុល ពត ហើយបែរជាជនអគតិមួយក្តាប់តូចមិនទទួលស្គាល់របបនេះ ដូច្នេះគប្បី ដាក់ច្បាប់មួយ ដាក់ទោសចំពោះអ្នកទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត គឺបានកើតឡើងលើទឹកដីរបស់កម្ពុជាពិតប្រាកដមែន ពុំមែនជាការភូតកុហកដើម្បីតែគេងចំណេញនយោបាយនោះឡើយ ខណៈរបបដ៏ឃោរឃៅមួយនេះមិនមែនត្រឹមតែមេរៀនសម្រាប់កម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជាមេរៀនសម្រាប់ពិភពលោកទាំងមូលផងដែរ។
ទាក់ទងនឹងរបបកម្ពុជាប្រជាធិបតេយ្យនេះដែរសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលធ្វើឲ្យសម្តេច និងប្រជាជនកម្ពុជាកាន់តែឈឺចាប់បន្ថែមទៀតនោះ គឺអន្តរជាតិមិនត្រឹមតែមិនដាក់ទោសខ្មែរក្រហមប៉ុណ្ណោះទេ ពួកគេ ថែមទាំងជួយបង្កើតរដ្ឋាភិបាលចម្រុះឲ្យខ្មែរក្រហម និងថែមទាំងបោះឆ្នោះឲ្យរបបកម្ពុជាប្រជាធិបតេយ្យ មានកៅអីនៅអង្គការសហប្រជាជាតិថែមទៀតផង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ បានរងចាំអស់រយៈពេលជាង ៤០ឆ្នាំទើបរកយុត្តិធម៌ បានជូនបងប្អូនប្រជាពលរដ្ឋខ្មែរជាងបីលាននាក់ ដែលបានស្លាប់ ដោយសារតែរបបដ៏ឃោរឃៅមួយនេះ៕អត្ថបទបាន ចក់