ប្រធានអាជ្ញាធរប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ (២១ ឧសភា) បានរិះគន់រដ្ឋបាលសហរដ្ឋអាមេរិក ចំពោះការគាំទ្ររបស់ខ្លួនដល់អ៊ីស្រាអែល ស្របពេលមានការវាយប្រហារជាបន្តបន្ទាប់លើជនជាតិប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប និងតំបន់កាន់កាប់ វេសបែង (West Bank)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA លោក ណាប៊ីល អាប៊ូ រូឌីណេ (Nabil Abu Rudeineh) អ្នកនាំពាក្យប្រធានអាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា រដ្ឋាភិបាលអ៊ីស្រាអែល និងកងទ័ពរបស់ខ្លួនបានបន្ត «ឧក្រិដ្ឋកម្ម» របស់ពួកគេនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលជាលទ្ធផលនៃ «ការគាំទ្រជាបន្តបន្ទាប់ និងអយុត្តិធម៌» ដែលផ្តល់ដោយសហរដ្ឋអាមេរិក។

លោកនិយាយថា ការគាំទ្ររបស់អាមេរិកសម្រាប់អ៊ីស្រាអែល រួមទាំងជំនួយហិរញ្ញវត្ថុ អាវុធ និងការការពារពីការទទួលខុសត្រូវចំពោះ «ឧក្រិដ្ឋកម្ម» របស់ខ្លួន «បានជំរុញឱ្យមេដឹកនាំអ៊ីស្រាអែល ប្រព្រឹត្តឧក្រិដ្ឋកម្មកាន់តែច្រើននៅភាគខាងជើងហ្កាហ្សា និងក្រុងរ៉ាហ្វា (Rafah)»។ លោកក៏បានព្រមានផងដែរអំពីគ្រោះថ្នាក់នៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើប្រជាជនប៉ាឡេស្ទីន ពីទីក្រុងរ៉ាហ្វា នៅចុងភាគខាងត្បូង ទៅដល់ទីក្រុង ចេនីន (Jenin) នៅភាគខាងជើងតំបន់ វេសបែង ។

នៅព្រឹកថ្ងៃដដែលនោះ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ៧ នាក់បានស្លាប់ និង ១២នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល នៅទីក្រុងចេនីន។ ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៥១៣ នាក់នៅតំបន់ វេសបែង រួមទាំង ១២៧ នាក់មកពីក្រុងចេនីន នេះបើយោងតាមតួលេខផ្លូវការរបស់ប៉ាឡេស្ទីន៕