ទូរទស្សន៍ NHK របស់ជប៉ុន បានរាយការណ៍នៅថ្ងៃពុធ (២២ មេសា) នេះថា មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ ក្នុងខែនេះ ដើម្បីជួបជាមួយមេដឹកនាំមកពីគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន និងពិភាក្សាអំពីការបន្តកិច្ចប្រជុំទៀងទាត់រវាងភាគីទាំងពីរ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨ មក។

NHK បានរាយការណ៍ដោយដកស្រង់ប្រភពថា ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់លោក លីវ ជានឆាវ (Liu Jianchao) ដែលដឹកនាំស្ថាប័នបក្សកុម្មុយនិស្តចិន ទទួលបន្ទុកគ្រប់គ្រងទំនាក់ទំនងជាមួយគណបក្សនយោបាយបរទេស ដើម្បីធ្វើដំណើរទៅកាន់ប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំនៅថ្ងៃទី២៩ ខែឧសភា។

លោកនឹងពិភាក្សាជាមួយអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី លោក ម៉ូតេហ្គី តូស៊ីមីស៊ុ (Toshimitsu Motegi) និងអ្នកនយោបាយជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។
ពួកគេត្រូវបានរំពឹងថានឹងពិភាក្សាអំពីការបន្តកិច្ចប្រជុំពិគ្រោះយោបល់រវាងមន្ត្រីជាន់ខ្ពស់នៃគណបក្សគ្រប់គ្រងប្រទេសទាំងពីរ ដែលធ្លាប់បានធ្វើឡើងក្នុងមួយឆ្នាំម្តង ប៉ុន្តែមិនបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៨ មក។

ទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចកំពូលទាំងពីររបស់អាស៊ី មានភាពតានតឹងដោយបញ្ហាជាច្រើន រួមទាំងការព្រួយបារម្ភរបស់ទីក្រុងតូក្យូ អំពីសកម្មភាពដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងកើត និងខាងត្បូង និងការតវ៉ារបស់ទីក្រុងប៉េកាំង ប្រឆាំងនឹងការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ ហ្វ៊ូគូស៊ីម៉ា (Fukushima) របស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រ៕