អាជ្ញាធរបាននិយាយថា ព្យុះកួចដ៏ខ្លាំងក្លាមួយបានបោកបក់កាត់ទីក្រុងតូចមួយនៃរដ្ឋ អ៊ីអូវ៉ា (Iowa) កាលពីថ្ងៃអង្គារ (២១ ឧសភា) ដោយបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស។ រូបភាពពីទីប្រជុំជន ហ្គ្រីនហ្វីល (Greenfield) បង្ហាញពីផ្លូវដែលរងការបំផ្លិចបំផ្លាញទាំងស្រុង លំនៅឋានត្រូវបានបំផ្លាញទៅជាគំនរបាក់បែក ហើយកំទេចកំទីមាននៅគ្រប់ទីកន្លែង។

លោក អាឡិច ឌីងក្លា (Alex Dinkla) អ្នកនាំពាក្យរបស់ក្រុមល្បាតរដ្ឋ អ៊ីអូវ៉ា បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា «ព្យុះកួចនេះបានបំផ្លិចបំផ្លាញផ្នែកដ៏ជាច្រើននៃភូមិ»។ លោកមិនបានផ្តល់ចំនួនអ្នកស្លាប់ទេ ប៉ុន្តែបាននិយាយថាតួលេខអាចត្រូវបានផ្តល់ឱ្យឆាប់ៗ។

លោក ឌីងក្លា បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២ នាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះនៅក្នុងភូមិ ហ្គ្រីនហ្វីល ជាទីប្រជុំជនដែលមានប្រជាជនប្រហែល ២.០០០ នាក់។ ដោយសារតែមន្ទីរពេទ្យក្នុងតំបន់រងការខូចខាតក្នុងព្យុះនោះ មនុស្សទាំងនោះត្រូវផ្ទេរទៅកាន់កន្លែងព្យបាលនៅក្នុងភូមិក្បែរនោះ។
លោកស្រី លីហ៊្សា ប្រោន (Lisa Brown) អ្នកពិនិត្យសុខភាពនៅក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ស្ត្រីម្នាក់នៅក្នុងតំបន់ អាដាមស៍ (Adams County) ត្រូវបានរាយការណ៍ថាស្លាប់ដោយសារព្យុះនេះ ប៉ុន្តែលោកស្រីមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានទេ៕