អូឡាំពិក៖ អត្តពលិកហូឡង់កីឡាការិនី Anouk Vetter គឺជាអ្នកនាំមុខគេក្រោយថ្ងៃទី១ នៅថ្ងៃពុធម្សិលមិញនៃការប្រកួតវិញ្ញាសាកីឡាហេបតាត្លុង តែមិនមែនជាថ្ងៃល្អឡើងសំរាប់ជើងឯកពិភពលោកកីឡាការិនីអង់គ្លេស Katarina Johnson-Thompson។

តាមពិតទៅកីឡាការិនី Johnson-Thompson គឺជាអ្នកនាំមុខគេម្នាក់ក្នុងការប្រកួតនេះ តែបែរជាមានរបួសក្នុងដំណាក់កាលរត់ ២០០ម៉ែត្រ។ របួសហើយ Thompson មិនត្រូវការអ្នកជួយឡើយដោយព្យាយាមរត់ទាំងឈឺឱ្យដល់ទីព្រ័ត្រ ទោះបីជាដឹងខ្លួនថា មិនអាចបន្តដំណាក់កាលផ្សេងទៀតបានក៏ដោយ។ កីឡាការិនីហូឡង់ Anouk Vetter ក៏ក្លាយជាអ្នកដែលធ្វើបានពិន្ទុច្រើនជាងគេ ២៧ពិន្ទុនាំមុខលើកីឡាការិនីប៊ែលហ្ស៊ិក Noor Vidts។ Heptathlon គឺជាវិញ្ញាសាកីឡាដែលរួមបញ្ចូលគ្នាដោយ ៧វិញ្ញាសាប្រកួតដោយអត្តពលិកតែម្នាក់ប៉ុណ្ណោះរួមមានវិញ្ញាសារត់ ១០០ម៉ែត្រ, ផ្លោះរបង, លោតកម្ពស់, ចោលដុំដែក, រត់ ២០០ម៉ែត្រ, លោតចម្ងាយ, ចោលថ្នោល និងរត់ ៨០០ម៉ែត្រ។

ទៅណាមិនឆ្ងាយពីកីឡាអត្តពលកម្ម កីឡាការិនីហូឡង់ Sifan Hassan បានឈានឡើងវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសារត់ ១៥០០ម៉ែត្រ ស្របពេលដែលនាងក៏កំពុងស្វែងមេដាយនៅ ២វិញ្ញាសាទៀតគឺរត់ ៥០០០ម៉ែត្រ និង ១០០០០ម៉ែត្រ។ ងាកមកកីឡាក្នុងទឹក ក្រុមអត្តពលិករបស់រុស្ស៊ីបានឈ្នះមេដាយមាសវិញ្ញាសាសម្ដែងក្នុងទឹកលក្ខណៈជាគូនារី ដែលមានកីឡាការិនី Svetlana Kolesnichenko និងកីឡាការិនី Svetlana Romashina។ ចុងក្រោយនេះគឺវិញ្ញាសាកីឡាឡើងជញ្ជាំងផ្នែកនារី កីឡាការិនីស្លូវេនី Janja Garnbret គឺជាអ្នកទទួលបានជ័យជំនះឈានឡើងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះ៕

អត្ថបទ៖នាង សុភាវុធ