ប្រមុខអង្គការសុខភាពពិភពលោក(WHO) បានអំពាវនាវឱ្យអ៊ីស្រាអែល ដកចេញការរឹតត្បិតលើជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ដោយនិយាយថា លំហូរបឋមសម្រាប់ជំនួយសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ពីប្រទេសអេហ្ស៊ីបត្រូវបានកាត់ផ្តាច់។

អគ្គនាយក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា នៅពេលដែលប្រជាជននៅតំបន់ហ្កាហ្សាប្រឈមភាពអត់ឃ្លាន យើងជំរុញឱ្យអ៊ីស្រាអែលដកចេញការបិទផ្លូវ និងអនុញ្ញាតឱ្យមានជំនួយចូល។
លោក បាននិយាយបន្ថែមថា «បើគ្មានជំនួយបន្ថែម ហូរចូលទៅក្នុងតំបន់ហ្កាហ្សា យើងមិនអាចទ្រទ្រង់ការគាំទ្រជួយសង្គ្រោះជីវិតប្រជាជននៅតាមមន្ទីរពេទ្យ បានទេ។ អ៊ីស្រាអែល បានដណ្តើមយក និងបិទច្រកព្រំដែនឆ្លងកាត់ទីក្រុង Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ៧ ខែឧសភា ដោយរារាំងដល់ផ្លូវដ៏សំខាន់សម្រាប់ប្រជាជន និងជំនួយចូល និងចេញ នៅតំបន់ហ៊ុមព័ទ្ធមួយនេះ។

លោក Tedros បាននិយាយថា ចំណាត់ការនេះ បានធ្វើឲ្យប៉ះពាល់ដល់មន្ទីរពេទ្យចំនួន៦ និងមណ្ឌលសុខភាពបឋមចំនួន៩កន្លែង ហើយបណ្តាលឱ្យទីជម្រកចំនួន ៧០កន្លែង បាត់បង់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ។
ប្រព័ន្ធថែទាំសុខភាព នៅតំបន់ហ្កាហ្សា បានដួលរលំ ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួននៅទីនោះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ទៅលើប្រជាជនអ៊ីស្រាអែល។
ថ្លែងពីទីក្រុងហ្សេរុយសាឡឹម អ្នកតំណាងអង្គការសុខភាពពិភពលោក សម្រាប់ដែនដីប៉ាឡេស្ទីន លោក រីក ភីបភឺកន(Rik Peeperkorn) បាននិយាយថា មន្ទីរពេទ្យ Al-Awda នៅតំបន់ហ្កាហ្សានៅភាគខាងជើង នៅតែស្ថិតក្រោមការហ៊ុមព័ទ្ធ ចាប់តាំងពីថ្ងៃអាទិត្យ ទី១៩ ខែឧសភា ដោយមានបុគ្គលិកមន្ទីរពេទ្យចំនួន១៤៨ នាក់ និងអ្នកជំងឺ ២២ នាក់ និងអ្នកអមអ្នកជំងឺ បានជាប់នៅខាងក្នុងមន្ទីពេទ្យ។