បុរសជនជាតិអង់គ្លេស ដែលបានស្លាប់ អំឡុងភាពចលាចលខ្លាំងនៅលើជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី ត្រូវបានគេស្គាល់ឈ្មោះថា ជីអូហ្វ ឃីតឈិន(Geoff Kitchen)។

អាជ្ញាធរអាកាសយានដ្ឋានទីក្រុងបាងកក បាននិយាយថា បុរសមានវ័យ៧៣ឆ្នាំ បានស្លាប់ដោយសារជំងឺគាំងបេះដូងដែលសង្ស័យ អំឡុងជើងហោះហើរ ពីទីក្រុងឡុងដ្រ៍ ទៅកាន់ប្រទេសសឹង្ហបុរី។
ក្រុមសម្តែងក្នុងមូលដ្ឋាន ដែលលោកធ្លាប់បានជួយជ្រោមជ្រែង និយាយថា លោក Geoff តែងតែជាសុភាពបុរស មានភាពស្មោះត្រង់ និងសុចរិតបំផុតជួយដល់ការដឹកនាំ និងចាត់ចែងផ្សេងៗ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី SIA បាននិយាយឲ្យដឹងថា មនុស្សម្នាក់បានស្លាប់បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុននេះពីទីក្រុងឡុងដ្រ៍របស់អង់គ្លេសទៅកាន់ប្រទេសសិង្ហបុរី បានជួបប្រទះនឹងភាពច្របូកច្របល់ដោយសារខ្យល់ខ្លាំង។
ជើងហោះហើរ SQ321 បានចាកចេញពីអាកាសយានដ្ឋាន Heathrow ទីក្រុងឡុងដ្រ៍ ត្រូវបានបង្វែរទិសទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។ យន្តហោះបានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ។ ក្រុមហ៊ុន SIA បានឲ្យដឹងថា ក្នុងឧបទ្ទវហេតុនេះ មានអ្នករងរបួសជាង៣០នាក់ និងស្លាប់ម្នាក់ នៅលើយន្តហោះ Boeing 777-300ER ដែលមានអ្នកដំណើរសរុបចំនួន ២១១នាក់ និងអាកាសយានិក ១៨នាក់ នៅលើយន្តហោះនេះ។