ក្រុមហ៊ុន និងទីភ្នាក់ងាររដ្ឋមួយបាននិយាយកាលពីថ្ងៃអង្គារ (២១ ឧសភា) ថា បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) របស់ក្រុមហ៊ុន មេតា (Meta Platforms) បានលុបគណនីរបស់ជនសង្ស័យដែលជាឃាតករបាញ់ប្រហារលើនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បន្ទាប់ពីការវាយប្រហារនេះ ខណៈដែលរដ្ឋាភិបាលនៅតែបន្តស៊ើបអង្កេតថាតើជនល្មើសរូបនោះមានអ្នកជួយពីក្រោយ ឬយ៉ាងណា។

លោក ហ្វីកូ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយលែងស្ថិតក្នុងគ្រោះថ្នាក់ហើយ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់កាំភ្លើងចំនួនបួនគ្រាប់កាលពីថ្ងៃពុធ សប្តាហ៍មុន នៅក្នុងការប៉ុនប៉ងធ្វើឃាតដ៏ធំលើកដំបូងលើមេដឹកនាំនយោបាយអឺរ៉ុប អស់រយៈពេលជាង ២០ ឆ្នាំ។

មន្ត្រីរដ្ឋាភិបាលស្លូវ៉ាគី បាននិយាយកាលពីថ្ងៃអាទិត្យ បួនថ្ងៃបន្ទាប់ពីការបាញ់ប្រហារថា ជនដៃដល់នោះប្រហែលជាមិនមែន «ប្រព្រឹត្តិបទល្មើសតែម្នាក់ឯង» ដូចដែលគេជឿដំបូងឡើយ ដោយកត្តាមួយគឺថាគណនី Facebook និងប្រវត្តិទំនាក់ទំនងរបស់ជនសង្ស័យត្រូវបានលុបបន្ទាប់ពីការវាយប្រហារ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ាតាស់ ស៊ូថាច អេស្តូក (Matus Sutaj Estok) បាននិយាយថា ក្រុមស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ដែលនឹងពិនិត្យមើលផងដែរថាតើជនសង្ស័យបានធ្វើសកម្មភាពជាផ្នែកមួយនៃក្រុមមនុស្សដែលបានលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការធ្វើឃាតដែរឬទេ៕