ភ្នំពេញ ៖ ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោល១៩លើក លើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលនឹងមានការដាក់បញ្ចូលការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ នេះបើតាមប្រភពផេកផ្លូវការរបស់ក្រសួងសាធារការ និងដឹកជញ្ជូនដែលចេញផ្សាយថ្ងៃទី៤សីហា។
ប្រភពដដែលបន្តថា កិច្ចប្រជុំក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកត្រូវបានធ្វើឡើង ដើម្បីពិនិត្យនិងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ។
រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា កិច្ចប្រជុំបានពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។
សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សាយ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀតដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី នាពេលនេះផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សា មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មីនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿនបើកបរនៅលើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។
ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា វិសោធនកម្មច្បាប់នេះ បានធ្វើឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគ នៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មីពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ និងក្រុមការងារជំនាញដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុសក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕
អត្ថបទ មុត សុទ្ធ


