
ក្រុមគាំទ្រឯករាជ្យ នៅថ្ងៃពុធ (ទី២២ ខែឧសភា) នេះ បាននិយាយថា ក្រុមបាតុករ និងកងកម្លាំងនគរបាលបារាំង ១.០០០នាក់ កំពុងនាំគ្នាលេង «ហ្គេមឆ្មាដេញចាប់កណ្តុរ» នៅដែនដី New Caledonia (នូវ៉ែល កាលេដូនី) មុនពេលប្រធានាធិបតីបារាំង លោក Emmanuel Macron ធ្វើដំណើរទៅដល់ បន្ទាប់ពីកើតមានកុបកម្មដ៏អាក្រក់បំផុតលើកដំបូង ក្នុងរយៈពេល ៤០ឆ្នាំ នៅក្នុងទឹកដីបារាំង។
គណៈកម្មាការជាន់ខ្ពស់របស់ប្រទេសបារាំង បានប្រាប់ឲ្យដឹងថា លោក Macron នឹងត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការពារជាតិ និងមហាផ្ទៃ សម្រាប់កិច្ចពិភាក្សា នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែឧសភា) ហើយសមាជិកប្រហែល ១០០នាក់របស់អង្គភាព GIGN ឬហៅថា ក្រុមឆ្លើយតបយុទ្ធសាស្ត្រវរជន ត្រូវបានដាក់ពង្រាយនៅក្នុងដែនដីនូវ៉ែល កាលេដូនី។ គណៈកម្មាការជាន់ខ្ពស់ បាននិយាយនៅថ្ងៃពុធនេះថា កម្លាំងសន្តិសុខជាង ១.០០០នាក់ ពីប្រទេសបារាំង ត្រូវបានដាក់ឲ្យឈរជើង របាំងប្រមាណជា ៩០ ត្រូវបានដកចេញពីផ្លូវ ហើយពេលយប់បានស្ងប់ស្ងាត់ជាងមុន ទោះបីជាមានអគ្គិភ័យចំនួន ២កន្លែង នៅទីក្រុង Noumea ក៏ដោយ។ មនុស្សប្រហែល ២០នាក់ ត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ (ទី២១ ខែឧសភា) ដោយមានការចាប់ខ្លួនអ្នកបះបោរចំនួន ២៨០នាក់ នៅសប្តាហ៍មុន។
លោក Jimmy Naouna មកពីគណបក្ស Front de Liberation Nationale Kanak et Socialiste (FLNKS) របស់ដែនដីនូវ៉ែល កាលេដូនី បាននិយាយថា គណបក្សនយោបាយគាំទ្រឯករាជ្យមួយនេះ បានអំពាវនាវឲ្យក្រុមបាតុករដកការបិទផ្លូវ ដែលកំពុងរារាំងដល់សកម្មភាព និងការផ្គត់ផ្គង់អាហារនៅក្នុងរដ្ឋធានី Noumea ប៉ុន្តែពួកគេមិនស្ដាប់តាមនោះឡើយ ហើយបន្តបង្ហាញវត្តមានពេញ ១យប់។ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Reuters លោក Naouna បានប្រាប់ថា៖ «កងកម្លាំងនគរបាលបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដើម្បីដករបាំងទាំងនេះ ប៉ុន្តែបន្ទាប់ពីនោះភ្លាម ពួកយុវជនបានដាក់របាំងនោះម្តងទៀត។ ដូច្នេះ វាស្ទើរតែដូចទៅនឹងជាការលេងហ្គេមឆ្មាដេញចាប់កណ្តុរអ៊ីចឹង។ យើងនឹងចាំមើលថា តើនឹងមានអ្វីកើតឡើងនៅពេលលោក Macron មកដល់ទីនេះ»។
គួរបញ្ជាក់ថា FLNKS ដែលជាគណបក្សរបស់មេដឹកនាំដែនដីនូនូវ៉ែល កាលេដូនី លោក Louis Mapou ចង់ឲ្យទីក្រុងប៉ារីសលុបចោលកំណែទម្រង់ការបោះឆ្នោត ពោលគឺជាកំណែទម្រង់ដែលបានបង្កឲ្យមានកុបកម្មកាលពី ១សប្តាហ៍មុន ដែលភាពចលាចាលនេះបានសម្លាប់មនុស្ស ៦នាក់ហើយ។ មេដឹកនាំខ្លះបារម្ភថា ការកែប្រែនេះនឹងធ្វើឲ្យខ្សោយដល់ការបោះឆ្នោតរបស់ជនជាតិដើមភាគតិច Kanak ដែលមានចំនួន ៤០ភាគរយនៃប្រជាជនរបស់ដែនដីនេះ៕