
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក Yoshimasa Hayashi នៅថ្ងៃពុធ (ទី២២ ខែឧសភា) នេះ បាននិយាយថា ប្រទេសជប៉ុន បានធ្វើការតវ៉ាជាផ្លូវការប្រឆាំងនឹងការអត្ថាធិប្បាយ ដែលខ្លួនចាត់ទុកថា «មិនសមរម្យខ្លាំងបំផុត» របស់ឯកអគ្គរដ្ឋទូតចិន ទាក់ទងនឹងកោះតៃវ៉ាន់។
បើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានឲ្យដឹងថា លោក Wu Jianghao ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងតូក្យូ កាលពីថ្ងៃចន្ទ (ទី២០ ខែឧសភា) បាននិយាយថា ប្រជាជនជប៉ុននឹងត្រូវបានអូសចូលទៅក្នុងស្ថានភាពអាក្រក់ ប្រសិនបើពួកគេចូលរួមក្នុងកងកម្លាំងដែលគ្រោងទុកគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ និង «បំបែកប្រទេសចិន» នោះ។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Hayashi អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងចាត់ទុកថា វាគឺជារឿងមិនសមរម្យខ្លាំងបំផុត សម្រាប់ឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងតូក្យូ ក្នុងការធ្វើអត្ថាធិប្បាយបែបនេះ ហើយយើងបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាផ្លូវការ ប្រឆាំងនឹងការលើកឡើងនេះ»។
ជាមួយគ្នានេះ លោក Hayashi ក៏បានបញ្ជាក់ជំហររបស់ជប៉ុនឡើងវិញថា ទីក្រុងតូក្យូរំពឹងថា បញ្ហាជុំវិញកោះតៃវ៉ាន់ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា៕