
រដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់ មកពីរដ្ឋជាសមាជិកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ជាង១៣០រដ្ឋ បានអនុម័តសេចក្តីថ្លែងការណ៍រួម នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃអង្គារ ដើម្បីបង្កើនសន្តិសុខនុយក្លេអ៊ែរសកល និងប្រយុទ្ធប្រឆាំងការគំរាមកំហែងភេរវកម្មនុយក្លេអ៊ែរ និងសកម្មភាពអាក្រក់ផ្សេងៗទៀត។
នៅក្នុងការបើកសន្និសិទអន្តរជាតិ ស្តីពីសន្តិសុខនុយក្លេអ៊ែរ «ការត្រៀមសម្រាប់អនាគត» ជាព្រឹត្តិការណ៍សន្តិសុខនុយក្លេអ៊ែរធំមួយ ប្រព្រឹត្តទៅនៅថ្ងៃទី ២០ ដល់ថ្ងៃទី២៤ ខែឧសភា ដែលសហប្រធាន បង្ហាញពីសេចក្តីថ្លែងការណ៍រួមដោយគូសបញ្ជាក់ថា សន្តិសុខនុយក្លេអ៊ែរ គឺជាការទទួលខុសត្រូវរបស់ប្រទេស និងពាក់ព័ន្ធទៅនឹងការទប់ស្កាត់ ការរកឃើញ និងការឆ្លើយតបចំពោះសកម្មភាពអាក្រក់។
យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ដោយសារតែការកើនឡើងការប្រើប្រាស់ជាសកលនៃបច្ចេកវិទ្យាឌីជីថលដែលកំពុងរីកចម្រើន រួមទាំងបញ្ញាសិប្បនិម្មិត (AI) ការប្រុងប្រយ័ត្នជាក់ស្តែង គឺត្រូវការជាចាំបាច់ ដើម្បីដោះស្រាយចំពោះការគំរាមកំហែងផ្នែកសុវត្ថិភាពតាមប្រព័ន្ធកុំព្យូទ័រ ការវាយប្រហារតាមអ៊ីនធឺណិត និងភាពងាយរងគ្រោះដែលអាចកើតមាន នាំមកដោយបច្ចេកវិទ្យា។
នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមក្នុងសន្និសីទ បាននិយាយថា ពួកគេនឹងគាំទ្រតួនាទីកណ្តាលរបស់ទីភ្នាក់ងារ IAEA ក្នុងការបង្កើតនិងធ្វើឲ្យប្រសើររបបសន្តិសុខនុយក្លេអ៊ែររបស់ប្រទេសប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
តំណាងប្រទេសចិន និយាយនៅក្នុងសុន្ទរកថារបស់លោកថា រដ្ឋាភិបាលចិន បានបន្តពង្រឹងសមត្ថភាពសន្តិសុខនុយក្លេអ៊ែររបស់ប្រទេស។ រដ្ឋាភិបាល បានបញ្ជាក់ច្បាស់ពីវិធានការដើម្បីធានាបានសុវត្ថិភាពនៃសម្ភារៈនុយក្លេអ៊ែរនិងទីតាំងរោងចក្រ និងរៀបចំសមយុទ្ធសង្គ្រោះបន្ទាន់ជាទៀងទាត់ ដើម្បីធ្វើឲ្យប្រសើរឡើងសមត្ថភាពរបស់រោងចក្រនុយក្លេអ៊ែរ ក្នុងការឆ្លើយតបទៅនឹងភាពអាសន្ននុយក្លេអ៊ែរ។